មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​មួយ​នៅ​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​ចិញ្ចឹម​ត្រី​ឆ្ដោ​ធ្វើ​អាជីវកម្ម

​ខេត្ត​បាត់ដំបង ៖ជំទប់​ទី​២ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ ថា​ចិញ្ចឹម​ត្រី​ឆ្ដោ​ជាង ១​ម៉ឺន​ក្បាល​ក្នុង​ស្រះ​ទឹក ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​បង្ក្រាប​ទប់ស្កាត់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​នាយ​ប៉ុស្តិ៍​នគរបាល​បញ្ជាក់​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​នោះ ធ្វើ​ឡើង​ជា​លក្ខណៈ​តូចតាច​សម្រាប់​ដោះស្រាយ​នៅ​ក្នុង​អង្គភាព​ប៉ូលិស​ទេ។

ស្រះ​ទឹក​ដែល​នាយ​នគរបាល​ប៉ុស្តិ៍​ចិញ្ចឹម​ត្រី​ឆ្ដោ​នោះ ស្ថិត​នៅ​ខាង​ក្រោយ​ការិយាល័យ​ប៉ូលិស​ឃុំ​ព្រែកនរិន្ទ ដែល​មាន​ទំហំ​ទទឹង ២៤​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ៤០​ម៉ែត្រ។ ក្នុង​ស្រះ​ទឹក​នោះ យើង​សង្កេត​ឃើញ​មាន​ត្រី​ឆ្ដោ និង​ត្រី​ប្រា ប៉ុន​ក​ដៃ​កូន​ក្មេង​រាប់​ពាន់​ក្បាល ហែល​ប្រដេញ​គ្នា​នៅ​ក្នុង​ទឹក​ស្រះ​យ៉ាង​កក​កុញ។

ជំទប់​ទី​២ ឃុំ​ព្រែកនរិន្ទ មក​ពី​គណបក្ស សម រង្ស៊ី លោក ញៀប រ៉ុត មាន​ប្រសាសន៍​ខណៈ​នាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ ​របស់​មេ​ប៉ូលិស​ឃុំ នៅ​ថ្ងៃ​ទី​៣០ សីហា ថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​នេះ នាយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ ដាក់​កូន​ត្រី​ឆ្ដោ​ជាង ១​ម៉ឺន ២​ពាន់​ក្បាល ប្រមាណ​ពីរ​ខែ​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្បែរ​ការិយាល័យ​ប៉ុស្តិ៍​នគរបាល មាន​ការ​ខឹង​សម្បា និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នេះ​ថា មិន​គួរ​ណា​ខ្លួន​ជា​អ្នក​អនុវត្តន៍​ច្បាប់ ប្រកប​របរ​ចិញ្ចឹម​ត្រី​ឆ្ដោ​ធ្វើ​អាជីវកម្ម​នោះ​ទេ៖ «មេ​ប៉ុស្តិ៍​គាត់​ ដឹង​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​ជា​អំពើ​ខុស​ច្បាប់​ទៅ​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​ហ៊ាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​បែប​នេះ?»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែកនរិន្ទ លោក ស៊ុន វិសុទ្ធ ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ចិញ្ចឹម​ត្រី​ឆ្ដោ​នៅ​ក្នុង​ស្រះ​ទឹក​ក្បែរ​ការិយាល័យ​ ប៉ុស្តិ៍​ប៉ូលិស​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា ស្រះ​ដែល​លោក​ចិញ្ចឹម​ត្រី​ឆ្ដោ​នោះ មាន​ចំនួន​ប្រមាណ ១.៣០០​ក្បាល សម្រាប់​ដោះស្រាយ​នៅ​ក្នុង​អង្គភាព​ប៉ូលិស​ទេ គឺ​ពុំ​មែន​ជា​ការ​ចិញ្ចឹម​ដើម្បី​ធ្វើ​អាជីវកម្ម​ដូច​ការ​ចោទ​ប្រកាន់​នោះ​ ឡើយ៖ «អត់​ទេ ខ្ញុំ​មិន​បាន​ចិញ្ចឹម​ត្រី​ឯណា​រាប់​ម៉ឺន​ក្បាល​នោះ បើ​ចិញ្ចឹម​ច្រើន​បែប​នេះ តើ​ខ្ញុំ​ទៅ​រក​នុយ​ត្រី​ពីណា​មក​ដាក់​ឲ្យ​វា​ស៊ី​បាន​ទៅ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​អង្គការ​សម្ព័ន្ធ​ភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំវិញ​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោ បើ​ទោះ​ជា​មាន​ចំនួន​តិចតួច​ក៏ដោយ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ជលផល ពីព្រោះ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ គេ​ត្រូវ​រក​កូន​ត្រី​តូចៗ​មក​ធ្វើ​ជា​ចំណី​អាហារ ដែល​នាំ​ឲ្យ​ហិនហោច​អស់​មច្ឆជាតិ​គ្មាន​សល់​នៅ​ថ្ងៃ​មុខ។ បញ្ហា​នេះ​ហើយ ដែល​គេ​ហាម​ឃាត់​នៅ​ទូទាំង​ប្រទេស មិន​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​ឆ្ដោ ចាប់​យក​កូន​ត្រី​ផ្សេង​ទៀត​មក​ធ្វើ​ជា​ចំណី​របស់​វា​នោះ​ទេ។ អ្នកស្រី​អំពាវនាវ​ឲ្យ​មន្ត្រី​ជលផល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី​ឆ្ដោ​នេះ​ ឲ្យ​បាន​តឹងរ៉ឹង និង​ហាម​មិន​ឲ្យ​បន្ត​សកម្មភាព​បែប​នេះ​ទៅ​មុខ​ទៀត៖ «ខ្ញុំ ​មាន​ការ​ព្រួយ​បារម្ភ​ដោយសារ​ធនធាន​ជលផល​ឥឡូវ​នេះ វា​ប្រឈម​នឹង​ហិនហោច​ពូជ​ត្រី​កាន់​ខ្លាំង​ឡើង ដោយសារ​តែ​ប្រជាពលរដ្ឋ​គាត់​ចាប់​យក​កូន​ត្រី​ទៅ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី ​ឆ្ដោ​នេះ​ឯង»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​ឯកភ្នំ គណបក្ស​ប្រឆាំង បញ្ជាក់​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​នេះ​កើត​មាន​ជាច្រើន​កន្លែង​ទៀត រួម​មាន​នៅ​ភូមិ​ពាមឯក ឃុំ​ពាមឯក និង​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ និង​ស្នើ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ដក​នាយ​ប៉ុស្តិ៍​នគរបាល​នោះ​ចេញ​ពី​តំណែង និង​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *