មេ​រង​ប៉េអឹម ស្រុក​លើកដែក​ម្នាក់ ស្លាប់​ដោយសារ​បើករថយន្ត​ធ្លាក់​ផ្លូវ​

កណ្តាលៈ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ៤ ទៀបភ្លឺ មាន​ករណី ប្រទះឃើញ​សាកសព បុរស​ម្នាក់ ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុក​លើកដែក ស្លាប់​នៅក្នុង​រថយន្ត ស្ថិត​លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៣-៤៤ ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ នៅ​ម៉ោង​កើតហេតុ មាន​រថយន្ត ១​គ្រឿង ម៉ាក តូយ៉ូតា កាមរី ពណ៌ ស ពាក់​ផ្លាកលេខ កណ្តាល 2A-2895 បើកបរ​ដោយ​ឈ្មោះ នូវ សាវឿន ភេទ​ប្រុស ឣា​យុ ៥៧ ឆ្នាំ មុខងារ ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុក​លើកដែក ខេត្តកណ្តាល មាន​ទីលំនៅ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅក្នុង​រថយន្ត ខណៈ​រថយន្ត មិនមាន​ការខូចខាត​នោះទេ​។​

​សមត្ថកិច្ច បានបញ្ជាក់​បន្ថែមថាៈ រថយន្ត​នេះ បើកបរ​ទិសដៅ ពី​អ្នក​លឿង ទៅ​ភ្នំពេញ ពេល​បើក​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​បើករថយន្ត ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង និង​បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​តែម្តង ។​

​ជាមួយគ្នានេះដែរ លោក​វរសេនីយឯក ព្រុំ សំណាង អធិការនគរបាល ស្រុក​កៀនស្វាយ បាន​បង្ហើប​ឲ្យ​ដឹងថាៈ លោក នូវ សាវឿន មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុក​លើកដែក រូបនេះ ធ្លាប់មាន​ជំងឺលើសឈាម និង​ជំងឺ​បេះដូង ផងដែរ​។​

​សូមជម្រាបថា បច្ចុប្បន្ននេះ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើ​បុណ្យសព តាម​ប្រពៃណី​ហើយ​៕

Loading...