ម៉ាស៊ីន​បោក​ស្រូវ​ជាន់​មីនតោន ផ្ទុះ​ទាំង​ព្រឹក​នៅ​ស្រុក​សំឡូត​

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន​ពីរ​នាក់​ដែរ ដែល​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ដែល​ពួកគេ​ទាំងពីរ​នាក់ កំពុង​បើកបរ​ម៉ា​ស៊ីន​បោក​ស្រូវ ចុះទៅ​ក្នុង​ស្រែ​ដើម្បី​ស៊ីឈ្នួល​បោក​ស្រូវ​ឲ្យ​គេ ហើយក៏​បាន​កិន​ទៅលើ​គ្រាប់​មីនតោន​ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម និង​កប់​ក្នុង​ដី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៨ និង​៣០នាទីព្រឹក ថ្ងៃទី ២០ ខែធ្នូ​ឆ្នាំ​២០១៦ ត្រង់​ចំណុច​ស្រែ​ពន្លក ស្ថិត​ក្នុង​ភូមិ​កណ្ដាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត​ខេត្ត​បាត់ដំបង ។

យោង​តាម​សេចក្តី​រាយការណ៍​ពី​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ គឺ​មាន​ម៉ា​ស៊ីន​បោក​ស្រូវ​មួយ​គ្រឿង​ដោយមាន​មនុស្ស​ជិះ​នៅ​ខាងលើ​ចំនួន​ពីរ​នាក់ ដែល​ពួកគេ​គឺជា​អ្នក​ស៊ី​ឈ្នួល​ដើរ​បោក​ស្រូវ​នៅ​តាម​វាលស្រែ​ឲ្យប្រជាកសិករ​គឺ​នៅ​ពេល​នោះ​ដែរ ពួកគេ​បាន​បើក​សំដៅ​ទៅ​រក​ទីតាំង​ដែល​ត្រូវ​បោក​ស្រូវ ព្រមទាំង​បាន​បើក​ចុះ​ពី​ផ្លូវ​កាត់​តាម​វាលស្រែ​ផង​ដែរ។

របាយការណ៍​បាន​បន្ត​ថា លុះ​នៅ​ពេល​កំពុង​បើកបរ​កាត់​វាលស្រែ​នោះ ក៏​ស្រាប់តែ​គេ​ឮ​ស្នូរ​ផ្ទុះ​គ្រាប់​មីន​ឡើង​យ៉ាង​កងរំពង ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយ​គេ​បាន​សង្កេត​ឃើញ​ថា ម៉ា​ស៊ីន​បោក​ស្រូវ​នោះ​បាន​ដាច់​ចេញ និង​របើករបាញ​ស្ទើរ​គ្មាន​សល់​ ដោយឡែក​មនុស្ស​ដែល​នៅ​ខាងលើ​បាន​ប៉ើង​ធ្លាក់​មក​ដី ដោយ​ម្នាក់ៗ​រង​របួស​ជា​ទម្ងន់។

ភ្លាមៗ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ​គឺ​សង្កេត​ឃើញ​ថា ​កង់​របស់​ម៉ាស៊ីន​បោក​ស្រូវ​ផ្នែក​ខាងក្រោយ​បាន​ជាន់​ទៅលើ​គ្រាប់​មីនតោន ទើប​ធ្វើ​ឲ្យ​ផ្ទុះឡើង ចំណែក​អ្នកបើកបរ​ដែល​មាន​ឈ្មោះ ភ្លា​ន វុ​ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​បាន​បាក់​ជើង​ខាង​ស្តាំ​ម្ខាង និង​ឈ្មោះ សុខ គា ភេទ ប្រុស អាយុ​២៤​ឆ្នាំ គឺ​ត្រូវ​ចង្កេះ និង​ថ្ពាល់​ខាងស្ដាំ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ដោយ​អ្នក​ទាំងពីរ​រស់នៅ​ក្នុង​ភូមិ ឃុំ កើតហេតុ​ខាងលើ និង​មាន​មុខរបរ​ដើរ​ស៊ីឈ្នួល​បោក​ស្រូវ​ឲ្យ​គេ។

លោក កោ ស៊ុន កាំ​ង អធិការ​នគរបាល​ស្រុក សំឡូត បាន​បញ្ជាក់​ថា នៅ​ពេល​នោះ​ដែរ​គឺ​ជនរង​គ្រោះ​ទាំងពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាត់ដំបង ហើយ​ដើម្បី​ជួយសង្គ្រោះ ដោយ​នេះ​ជា​សំណាងល្អ ព្រោះ​ប្រសិនបើ​កង់​ខាងមុខ​កិន​ទៅលើ​គ្រាប់មីន​នោះ​វិញ​ម្ល៉េះ​អ្នក​ទាំងពីរ​មិន​អាច​មានជីវិត​បាន​តទៅទៀត​នោះ​ឡើយ ហើយ​គ្រាប់​ទាំងនេះ​ គឺ​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ដោយសារតែ​ការរុករក​របស់​កម្លាំង​ស៊ីម៉ាក់​មិន​ទាន់​បាន​ស៊ីជម្រៅ​ឲ្យ​ដល់​ពពួក​គ្រាប់​មីនតោន​តាំង​នេះ​នៅឡើយ៕

Loading...