ម៉ាឡេស៊ី​ប្រកាស​រកឃើញ​ករណី​ដំបូង នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែលមាន​ប្រភពពី​ឥណ្ឌា

​គូ​ឡា​ឡាំ​ពួរ ៖ លោក Adham Baba រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បាន​និយាយថា ប្រទេស​ម៉ាឡេស៊ី​បាន​រកឃើញ​ករណី​ដំបូង នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា​។

​វីរុស​ដែលមាន​ឈ្មោះថា B.1.617 ត្រូវបាន​គេ​រកឃើញ​នៅលើ​ជនជាតិ​ឥណ្ឌា​ម្នាក់​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​គូ​ឡា​ឡាំ​ពួរ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា រកឃើញ​នៅពេលណា​នោះទេ​។​

​ប្រទេស​ម៉ាឡេស៊ី​ដែល​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង នៃ​ករណី​ឆ្លង​កូ​វីដ​-១៩ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានសម្រេច​ហាមឃាត់​រាល់​ជើងហោះហើរ​ទៅ និង​មកពី​ប្រទេស​ឥណ្ឌា និង​បាន​ហាមឃាត់​រាល់​អ្នកដំណើរ​ដែល​មកពី​ឥណ្ឌា​មិន​ឱ្យចូល​ប្រទេស​ប្រទេស​របស់ខ្លួន ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​កំពុង​វាយលុក​ប្រទេស​ឥណ្ឌា​។​

​គួរ​បញ្ជាក់ថា ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣,៤១៨​នាក់​នៅ​ថ្ងៃអាទិត្យ​នេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ៤១៥,០១២​ករណី​ក្នុងនោះ​ស្លាប់​ជាង ១,៥០០ នាក់​៕

Loading...