ម៉ូតូធំ បុកម៉ូតូគ្រូបង្រៀន ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ សមាជិកក្រុមម៉ូតូធំ បានបុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរដោយគ្រូបង្រៀន បណ្តាលអោយស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ដ៏រន្ធត់ និងភ្ញាក់ផ្អើល ក្រោយអ្នកជិះម៉ូតូធំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ខណៈដែលជិះនៅក្នុងដំណើរ ក្នុងកម្មវិធី 6th Anniversary Of ETF ទៅខេត្តសៀមរាប ។

នៅក្នុងហេតុការណ៍នេះដែរ ឃើញថាអាខោនហ្វេសប៊ុកឈ្មោះ Suong Sothea ជិះ​Yamaha R1​ ដែលគោលដៅជិះពី​ភ្នំពេញឆ្ពោះ​ទៅខេត្តសៀមរាប​ បានគ្រោះថ្នាក់បុកគ្នាជាមួយនឹងម៉ូតូគ្រូ​បង្រៀន​ម្នាក់​ ដោយបានជិះ​ម៉ូតូ​Dream​ បុកគ្នា​​នៅ​ខាង​មុខ​វត្ត​ទួលវិហារ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ដោយបានស្លាប់​ទាំង​សង​ខាងផងដែរ។ ក្រោយពីបានទទួលដំណឹងនេះ មហាជនជាច្រើនពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារសពរបស់អ្នកទាំង២។

យ៉ាងណាមិញអ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារំជួលចិត្តនោះគឺ មុនពេលស្លាប់គូស្នេហ៍បុរសដែលជាអ្នកបើកម៉ូតូYamaha R1​ បានស្លាប់នោះ បានបង្ហោះសារបង្ហាញក្តីបារម្ភ ពាក្យពេចន៍ជូនពរជាច្រើននៅពេលធ្វើដំណើរកម្សាន្តមួយនេះ ដោយមើលទៅហាក់ដូចជាការលាគ្នាចុងក្រោយយ៉ាងដូច្នេះ។

លើសពីនេះទៅទៀត ថ្ងៃដែលបុរសម្នាក់នេះបានបាត់បង់ជីវិត ក៏ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំង២ផងដែរ ទាំងនេះដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈដែលខាងស្រី ដង្ហើយហៅខាងប្រុសមកវិញ៕

Loading...