ម៉ូតូមួយគ្រឿងដាច់ជាពីរកំណាត់ដោយហេតុតែឡានបុក រីឯមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្ត​កំពង់ស្ពឺ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៤​និង​៣៥​ត្រង់ចំណុច​ភូមិ​ត្រពាំង​សាំង​ជៀក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៨​។​

សាក្សី​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡេ​ន​ឌើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-៨១៥៤​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​លិចទៅ​កើត​។​លុះ​បើក​មកដល់​ចំណុះ​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១BZ-៤៨៨៧ បើកបរ​ដោយ​ឈ្មោះ មិ​ត ប៊ី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ក្នុងនោះ​មាន​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ស៊ិន ជីវ៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​អ្នកជិះ​ពីក្រោយ​រងរបួស​ធ្ងន់​។​

ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​សម្ព​ព​ថ្នល់ទទឹង​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ចំណែក​វត្ថុតាង​ទាំងពីរ​ត្រូវបាន​ជំនាញ​ធ្វើការ​វាស់វែង​និង​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

Loading...