ម៉ូតូសាកកម្លាំងជាមួយគោយន្ត បាក់ជើងម្ខាង

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបាក់ជើងម្ខាង ខណៈបើកម៉ូតូហើយជួបគ្រោះថ្នាក់ បុកជាមួយគោយន្ត ដែលធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៦៣ និងលេខ៦៤ ភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីនគរបាលចរាចរណ៍បានសរសេរនៅក្នុងរបាយការណ៍ថា ម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F. 8867 អ្នកបើកបរឈ្មោះ ម៉ុក សុខនាង ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុកគោយន្ត ម៉ាក BOKOTA ពណ៌ ក្រហម ដឹកអំពៅ ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង។

ប្រភពបន្តថា អ្នកបើកបរគោយន្តឈ្មោះ ផន នាង ភេទប្រុស អាយុ៤៩ឆ្នាំ និងអ្នករួមដំណើរជាមួយឈ្មោះ សម សុខហីុម ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិ ក្រាំងស្យា ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកទាំងពីរនេះ មិនមានរងរបួសដោយសារកណីគ្រោះថ្នាក់នេះទេ ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះវាស់វែង និងយកម៉ូតូ គោយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីដោះស្រាយគ្នាតាមក្រោយ ៕ មណ្ឌលច្បារមន

 

Loading...