ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់និងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង÷ ឧប្បតិ្តវហេតុជួបគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 2020 វេលាម៉ោង 10:45 បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ សពត្រូវបានគេស្គាល់ឈ្មោះថា ភាវ ស្រ៊ុន មុខរបរកាប់ជ្រូកលក់ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកអ្នករងរបួសម្នាក់ទៀតមានឈ្មោះ សុខ វណ្ណដេត ប្រុសអាយុ 28 ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មុខរបរមន្រ្តីឥណទាន (មីក្រូហិរញ្ញវត្ថុស្ថាបនា) រង់របួសធ្ងន់បាក់ដៃ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ នៅមិនទាន់អាច បញ្ជាក់បាននៅឡើយ ថាតើភាគីខាងណា ជាអ្នកបង្កហេតុនៅឡើយ រង់ចាំសមត្ថកិច្ចជំនាញធ្វើការវាស់វែង ចំណុចកើតហេតុស្ថិតតាមបណ្ដោយផ្លូវ53 នៅក្នុងភូមិអូរូង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុសមត្ថកិច្ចបុស្តិ៍នគរបាល ឃុំជ្រៃបាក់ បានទៅដល់កន្លែងកើតហេតុ ហៅឡានសង្គ្រោះបន្ទាន់ ដឹកអ្នករងរបួសបាក់ដៃដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសពនឹងត្រូវរង់ចាំសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

Loading...