ម៉ូតូ២គ្រឿងបុកគ្នា រួចផ្លោងបុកជាមួយរថយន្តបណ្ដាលឲ្យបុរស២នាក់របួសធ្ងន់​

ភ្នំពេញ​ :បុរស២នាក់បានរបួសធ្ងន់​ បន្ទាប់ពីជិះម៉ូតូទៅបុកនិងម៉ូតូមួយគ្រឿងទៀតហេីយផ្លោងទៅបុករថយន្ត មួយគ្រឿងបន្ថែមទៀត​ កាលពីវេលាម៉ោង ជាង៨​យប់ថ្ងៃទី១០​ ខែមេសា​នៅតាមបណ្តោយផ្លូវបេះដូងព្រៃសរ​ ក្នុងភូមិថ្មី​ សង្កាត់ដង្កោខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1HZ-9200​ តាមផ្លូវបេតុងព្រៃស​ ទិសដៅពីកើតទៅលិច​។ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឱ្យម៉ូតូជនរងគ្រោះផ្លោងទៅបុកជាមួយនឹងរថយន្ត ឡិចសុីសRX300 មួយគ្រឿងទៀត​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AK -5263 កំពុងធ្វេីដំណេីរតាមផ្លូវបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​ ។ ភ្លាមៗភាគីម៉ូតូមួយគ្រឿងដែលត្រូវជនរងគ្រោះបុកបានលេីកម៉ូតូជិះគេចបាត់ស្រមោល​ ។

​ ក្រោយកេីតហេតុ​ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះទាំង២នាក់យកទៅព្យបាលរបួស​ ។ ចំណែកម៉ូតូ​ និងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែង​ រួចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់​ ៕

Loading...