ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ពីរ​នាក់​

ភ្នំពេញៈ បុរស​ម្នាក់ បាន​បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង ទៀត ពីក្រោយ បណ្តាល​ឲ្យ​រងរបួស ទាំងសងខាង ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ ភ្លាមៗ កាលពី​វេលា​ម៉ោង ៨​និង​១៥​នាទី​ព្រឹក ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ នៅតាម បណ្តោយ​មហាវិថី សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពព័ត៌មាន ពី​កន្លែង​កើ​ហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់​រី​វ៉ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-1224 បើកបរ​ដោយ បុរស​ម្នាក់ ជា​សន្តិសុខ​ឯកជន ធ្វើដំណើរ​ទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង​។ លុះដល់​ចំណុច កើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IM-1654 ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន ហើយក៏​បាន ជ្រុល​បុក​គ្នា ពីក្រោយ ពេញទំហឹង បណ្តាល​ឲ្យ​ដួល​អូស​ជាច្រើន​ម៉ែត្រ និង​រងរបួស​ធ្ងន់ ទាំង ២ នាក់ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ។ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង សមត្ថកិច្ច ចុះទៅ​វាស់វែង យកទៅ​រក្សាទុក នៅ​ផ្នែក​ជំនាញ​ខណ្ឌ រង់ចាំ​ដោះស្រាយ​គ្នា តាម​នីតិវិធី​៕

Loading...