ម៉ូតូ​២​គ្រឿង បុក​គ្នា បង្ក​ជា​អគ្គិភ័យ ឆាបឆេះ របួសធ្ងន់​ស្រាល បន្ទាប់ពី​បញ្ចប់​ការ ហាមឃាត់ ការធ្វើដំណើរ​ឆ្លងខេត្ត​

បន្ទាយមានជ័យ​៖ បុរស​២​នាក់ បាន​រងរបួស​ធ្ងន់ និង​បុរស​ម្នាក់ទៀត រងរបួស​ស្រាល តែ​ម៉ូតូ​របស់គាត់ ឆេះ​ខ្ទេច នៅសល់តែ​គ្រោងឆ្អឹង ដោយសារ​ម៉ូតូ​ទាំង ២ គ្រឿង បាន​បុក​គ្នា ពេញទំហឹង ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​កាលពី​វេលា​ម៉ោងជាង ១២ ថ្ងៃត្រង់ ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ A ចំណុច​ផ្លូវបំបែក ច្រមុះជ្រូក​ដឺ​តា​ស្គូ​ន ស្ថិត​ក្នុងភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ មានជ័យ បន្ទាប់ពី​រាជរដ្ឋាភិបាល បានបញ្ចប់​ការហាមឃាត់ ការធ្វើដំណើរ ឆ្លងខេត្ត​។

​នគរបាល​ចរាចរណ៍​ស្រុក​ថ្មពួក បា​នប់​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ របួសធ្ងន់​មានឈ្មោះ រិ ខោ​វ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ម៉ាក​ហុងដា វ៉េវ សេ​១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​អ្នករួមដំណើរ​ឈ្មោះ អែម នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​បន្ទាយឆ្មារ​ខាងត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល បាន​បន្តថា​៖ នៅ​មុនពេល​កើតហេតុ ម៉ូតូ​ហុងដា វេ​វ បាន​បើក​ពី​ទិស​ខាងជើង ទៅខាង​ត្បូង ពេលមកដល់ ចំណុចកើតហេតុ ផ្លូវបំបែក ក៏​បត់ ស្របពេលនោះ មាន​ម៉ូតូ​ធុន​ធំ ម៉ាក BMWGS 1200cc GS Adventure ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1HD.5556 បើក​ពី​ទិស​ខាងត្បូង ទៅខាង​ជើង បើកបរ​ដោយ​ឈ្មោះ លី ពី​ឆៃ ភេទ​ប្រុស អាយុ​៦៣ ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏​ទៅបុក​ម៉ូតូ​ហុងដា វេ​វ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ហុងដា​វេ​វ របួស​បាក់​ភ្លៅ​ឆ្វេង និង​អ្នករួមដំណើរ បាក់ដៃ​ឆ្វេង និង​ជើងឆ្វេង​។ រីឯ​អ្នកបើក​ម៉ូតូ​ធំ BMWGS 120A រងរបួស​ស្រាល​ប៉ុណ្ណោះ ប៉ុន្តែ​ម៉ូតូ​ធំ បាន​ឆ្លង​ចរន្ត​ភ្លើង បង្ក​ជា​អគ្គិភ័យ ឆេះ​ខ្ទេច សល់​តែ​គ្រោងឆ្អឹង​ដែក ។​

​នគរបាល បាន​បន្តទៀតថា​៖ មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ បណ្តាលមកពី​អ្នកបើក​ម៉ូតូ ម៉ាក​ហុងដា វេ​វ បើក​មិន​ប្រកាន់​ស្តាំ​។ ចំណែក​ម៉ូតូ​ធំ បើក​ក្នុង​ល្បឿន​លឿន​។ ជនរងគ្រោះ​ទាំង ៣ នាក់ ត្រូវបាន​បញ្ជូន មក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក រួច​បន្តទៅ មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី ។​

​គួរ​បញ្ជាក់ដែរថា គ្រោះថ្នាក់​នេះ កើតឡើង​នៅពេលដែល​ភាគី​ម៉ូតូ ទាំងសងខាង បាន​ត្រេកអរ ពេល​ការហាម ធ្វើដំណើរ​ឆ្លងខេត្ត បានបញ្ចប់ ហើយ​ពួកគេ បាន​ឆ្លង ភូមិសាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ ។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីសម្រេច បញ្ចប់​ការហាមឃាត់ ធ្វើដំណើរ និង​បញ្ចប់​ការបិទ រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ ៕

Loading...