រូបនេះត្រូវបានគេរាយការណ៍ថា ថតនៅថ្ងៃទី១៤ មិថុនា ឆ្នាំ១៩៧៩ នៅក្នុងជំរំ Hhao Iarn តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជំរំនោះគ្រប់គ្រងដោយពួកខ្មែរក្រហមបាក់ទ័ព។ ក្មេងម្នាក់នេះត្រូវបានគេចងហាលថ្ងៃ បន្ទាប់ពីត្រូវបានគេចោទថា បានលួចអាហារសមូហភាពហូប។
គេរាយការណ៍ថា បើកងរក្សាសន្តិសុខថៃមកមិនទាន់ទេ ក្មេងនេះអាចនឹងត្រូវគេសម្លាប់។ ករណីចងក្មេងហាលថ្ងៃ ដោយសារលួចអាហារ លួចបេះចេក លួចគាស់ដំឡូង និងសណ្តែកដីជាដើមរបស់សហករណ៍យកមកហូបមានច្រើនណាស់ រហូតអ្នកខ្លះត្រូវបានគេយកទៅសម្លាប់នៅក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-៧៩។
ខ្ញុំនៅឆ្នាំ១៩៧៧ ដែលពេលនោះអាយុ១៤ឆ្នាំ ក៏ធ្លាប់ត្រូវបានមេកងបញ្ជាឲ្យគេចងខ្ញុំម្តងដែរ ដោយមានសម្បុកស្រមោចភ្លើងផង ព្រោះខ្ញុំមានកំហុសចំពោះអង្គការបដិវត្តន៍ដ៏ក្រហមឆ្អិនឆ្អៅ មហារុងរឿង មហាលោតផ្លោះ មហាអស្ចារ្យ។
មនុស្សជាង១លាននាក់ត្រូវបានសម្លាប់ និងស្លាប់ដោយសាររងការធ្វើទារុណកម្ម ធ្វើការបាក់កម្លាំង អត់អាហារ និងជំងឺដោយគ្មានថ្នាំព្យាបាល។
**** ហេតុនេះ ២ ធ្នូ ១៩៧៨ ជាថ្ងៃដ៏សំខាន់នាំឲ្យមានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃដ៏មហាធំធេងមិនអាចកាត់ថ្លៃបានរបស់អ្នកនៅមានជីវិតរបបខ្មែរក្រហមឆ្នាំ១៩៧៥-៧៩។
សរុបមក ដោយសារ ២ ធ្នូ ១៩៧៨ នាំឲ្យមាន ៧ មករា ១៩៧៩ ហើយបន្ទាប់មក ២៣ តុលា ១៩៩១ និងមានបច្ចុប្បន្ននេះឯង។ សូមរួមគ្នាកុំឲ្យអតីតកាលមកលងយើងជាថ្មី!!!!
ទាំងរូបភាព និងខ្លឹមសារយកបន្តមកពីទំព័រ Facebook លោក Sophal Chhay Journalist សាស្ត្រាចារ្យព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅនៅកម្ពុជា៕
