ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ អាចប្រឈមនឹងការបិទអាជីវកម្ម បើមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ចំពោះម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ អាចប្រឈមនិងការបិទអាជីវកម្ម ប្រសិនមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ បើទោះបីអ្នកជំងឺកូវីដ–១៩ ត្រូវបានព្យាបាលជាសះស្បើយអស់ហើយក្តី នៅក្នុងកម្ពុជា ក្នុងនោះគេបានសង្កេតឃើញថា ប្រជាពលរដ្ឋហាក់ គ្មានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ–១៩នេះ ។ ដោយមានការព្រួយបារម្ភ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការម៉ឺងម៉ាត់ចំនួន៣ចំណុច ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ–១៩ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថានីយទូរទស្សន៍ កម្ពុជាប៉ុស្តិ៍លេខ៨អេចឌី ទទួលបាននាថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០នេះ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការដាក់ចេញជាវិធានការម៉ឺងម៉ាត់ ចំពោះភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ ដើម្បីជំរុញឲ្យម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ចប់ខ្ជូន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល ដោយជៀសផុតលលកទី២នៃជំងឺកូវីដ-១៩ ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំនួន៣ចំណុចដូចខាងក្រោម៖ ទី១ ៖ ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ–១៩។ ទី២៖ រៀបចំឲ្យមានទឹកអាកុលឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវ ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន។ ទី៣៖ រក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានណាមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញនិងបិទអាជីវកម្មភោជនីយដ្ឋានជាបណ្ដោះអាសន្ន។ទទួលបានសេចក្តីជូននេះសូមម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ មេត្តាជ្រាបនិងអនុវត្តដោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

Loading...