ម្ចាស់រថយន្តទំនើប២គ្រឿង ដកកាំភ្លើងបាញ់ផ្ទួនគ្នាជាច្រើនគ្រាប់ គំរាមអ្នករត់ម៉ូតូកង់បី 

ភ្នំពេញ៖ ករណីបើកបរមិនគោរពសិទ្ធិគ្នាទៅវិញទៅមក នាំឲ្យកើតជាជម្លោះតឹងសសៃក រវាងម្ចាស់រថយន្តស៊េរីទំនើប២ គ្រឿង នឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង រហូតឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ ផ្អើលដល់អ្នកដំណើរពេញផ្លូវ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ២៦១ ទល់មុខហាង DominosPizza ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងទ្បើយគេឃើញរថយន្តស៊េរីទំនើប ម៉ាកRolls-Royce ពណ៌ស និងមួយគ្រឿងទៀត ម៉ាក lexusRX570 ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។ រថយន្ត Rolls-Royce បើកពីមុខរថយន្ត lexus RX570 ខណ:ធ្វើដំណើរមកជិតផ្សារស៊ិនជូរី ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ពណ៌លឿង មួយគ្រឿងបើកបរស្របទិសគ្នាពីក្រោយ ឡើងវ៉ាពីមុខរថយន្ត lexus RX570 នៅចន្លោះកណ្តាលរថយន្ដទំនើបទាំងពីរគ្រឿងនោះ។

ភ្លាមៗផងដែរ ម្ចាស់រថយន្ត lexus RX570 បានស៊ីផ្លេរឲ្យម៉ូតូកង់បីខាងលើជៀស តែអ្នកបើកម៉ូតូកង់បីធ្វើហាក់ធម្មតា មិនព្រមបើកបរជៀសទៅណាទ្បើយ។

បន្ទាប់មករថយន្ដ Lexus បានឈប់នៅមុខផ្សារស៊ីនជូរី កាក់ម៉ូតូកង់បីនោះសួរនាំ ក៏កើតជារឿងឈ្លោះប្រកែកគ្នាថែមទៀត…!។

ដោយសារមិនចង់មានរឿងវែងឆ្ងាយ ហើយទីនោះមានមនុស្សច្រើនផង ទើបម្ចាស់រថយន្តទាំងពីរគ្រឿង បានទ្បើងបើករថយន្តទៅមុខបន្ត តែបុរសជាអ្នកបើកម៉ូតូកង់បី មិនអស់ចិត្ត បូករួមទាំងមានជាតិស្រវឹងក្នុងខ្លួនផង ក៏បានបើកម៉ូតូកង់បី តាមពីក្រោយរថយន្តទាំងពីរគ្រឿងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនៅលើផ្លូវសហព័ន្ធរុស្ស៊ី។

លុះមកដល់ចំណុចស្ពានអាកាស៧មករា ចុះពីស្ពានមកដល់កន្លែងកើតហេតុ អ្នកបើកបររថយន្ត Lexus RX570 ទ្រាំលែងបាន ក៏ទាញកាំភ្លើងបាញ់ចេញពីក្នុងរថយន្ត សំដៅមកម៉ូតូកង់បីនោះ ត្រូវចំនួន៤គ្រាប់ផ្ទួនៗ ហើយរថយន្ត Rolls-Royce ក៏បានបាញ់បន្ថែម សំដៅទៅលើម៉ូតូកង់បីនោះចំនួន២ គ្រាប់បន្ថែមទៀតបណ្តាលឲ្យត្រូវម៉ូតូកង់បីធ្លុះជាច្រើនកន្លែង​លាន់ស្នូរដូចរន្ទះ ផ្អើលអស់ប្រជាពលរដ្ឋភ័យព្រលឹងចុងសក់ នៅកន្លែងកើតហេតុតែម្ដង..!។

តែយ៉ាងណាក៏ដោយ ករណីនេះ មិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតម៉ូតូកង់បីប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្ដបង្កទាំងពីរគ្រឿង បានបន្ថែមល្បឿន គេចខ្លួនបាត់ចំណែកម៉ូតូកង់បីវិញភ័យស្លន់ស្លោ មិនហ៊ានទៅដាក់ពាក្យបណ្ដឹងទេ ថែមទាំងបើកម៉ូតូកង់ ៣គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង!។

មួយសន្ទុះក្រោយមកសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ រួចក៏ប្រមូលយកសំបកគ្រាប់ ទុកជាវត្ថុតាង យកមកស្រាវជ្រាវ និងចាត់ការតាមនីតិវិធី៕

 

Loading...