ម្ចាស់ស្រវឹងជោកជាំបើករថយន្តឆ្លាមទៅថើមគូទបាឡែន ធ្វើឲ្យរថយន្តឆ្លាមខ្ទេចមួយចំហៀង

ខេត្តរតនគិរី÷ រថយន្ត៣គ្រឿងបានបុកគ្នាជាបន្តបន្ទាប់យ៉ាងពេញទំហឹង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ គ្រាន់តែអ្នកធ្វើដំណើរដើរថ្មើរជើងក្បែរនោះ រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខសាលាអាស៊ានប្រ៊ីជ នៅក្បែរលក់ចាណាង ខាងក្រោយបន្ទាយយោធាខេត្ត ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ មានកម្មវិធីជប់លៀងផ្ទះមួយកន្លែងហើយមានភ្ញៀវស៊ីផឹកជាច្រើននាក់ផងដែរ។ ក្រោយមកមានបុរសម្នាក់សង្ស័យស្រវឹងជោកជាំ បានចេញពីផ្ទះកម្មវិធីនោះ ឡើងបើករថយន្តមួយគ្រឿងម៉ាកកាមរី ឆ្លាម ស្រាប់តែមិនដឹងជាយ៉ាងម៉េចទេ ទៅបុកគូទរថយន្តបាឡែននិងរថយន្តកាមរី ឆ្លាម ២គ្រឿង បានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែរថយន្តបង្កបានខ្ទេចខ្ទីផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។

របាយការណ៍ការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងនោះមានរថយន្តចំនួន៣គ្រឿងបានរងការខូចខាតផងដែរ រួមទាំងរថយន្តបង្ក និងអ្នកដើរថ្មើរជើងម្នាក់បានរងរបួសស្រាល ក្នុងនោះរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខកំពង់ចាម 2A-4676 បើកបរដោយឈ្មោះ ប៉ាន់ ទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសុខឧត្ដម សង្កាត់សុខឧត្តម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី (គ្មានរបួស)និងរថយន្ថមួយគ្រឿងទៀតម៉ាកកាមរី បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AN-0015 បើកបរដោយឈ្មោះ ភូ សុំម៉ាក់ ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស)។

របាយការណ៍បានបន្តថា រថយន្តបង្កហេតុម៉ាក កាមរី ឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ រតនគិរី 2B-5721 បើកបរដោយឈ្មោះ ដាំ ឆ្លូញ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងត្បូង មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស)។

អ្នកដើរថ្មើរជើងឈ្មោះ រី ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (រងរបួសស្រាល)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ និងបានរឹបអូសយកវត្ថុតាងទាំង៣គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Loading...