យកម៉ូទ័របូបទឹកចេញ ត្រូវឆ្លងចរន្តអគ្គីសនី ឆក់ស្លាបទាំងពីរនាក់ប្តីប្រពន្ធ

ភ្នំពេញ ៖ ប្តីប្រពន្ធ បានស្លាប់ទាំងពីរ ខណៈពេលដែលកំពុងបូបទឹកចេញពីក្នុង ផ្ទះដែលជំនន់ដោយភ្លៀងកាលពីម្សិលមិញ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១និង៣០នាទី នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោកអនុសេនីយ៍ទោ សៅ សារិទ្ធ នាយរងប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះ អៀ ហាក់ ប្តី ជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ មុខរបរបើកឡានដឹកដី ទី២-ឈ្មោះ ពឹង ស្រ៊ុន ជាប្រពន្ធ ជនជាតិខ្មែរ អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះ។

លោកនាយរងប៉ុស្តិ៍បន្តថា មូលហេតុដែលបណ្តាលឲ្យស្លាប់ពីរនាក់ប្តីប្រពន្ធនេះ មកពីឆ្លងចរន្តអគ្គីសនី ពីម៉ូទ័របូបទឹក។ មុនពេលកើតហេតុ បុរសជាប្តីបានត ម៉ូតូបូបទឹក ដោយសារផ្ទះរបស់ជនរងគ្រោះទាបជាងផ្លូវ ពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែលិច ខណៈពេលដែលកំពុងបូបនោះ ប្តីត្រូវបានភ្លើងឆក់ ប្រពន្ធឃើញដូចច្នេះ ក៏ស្ទុះទៅជួយ ហើយក៏ត្រូវឆក់ស្លាប់ទាំងពីរនាក់។ ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ចោមចៅបានទៅកន្លែងកើតហេតុនិងបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...