យក​ល្អគួរតែ​កុំទៅ​ស្រុកក្នុងពេល​ចូលឆ្នាំថ្មី​នេះ​!

ភ្នំពេញៈ គិតមកដល់ថ្ងៃទី​៦​ខែមេសានេះ យ៉ាងហោចណាស់​មាន​ខេត្ត​បី​ហើយ គឺ​ខេត្តកំពង់ធំ ខេត្តកំពង់ចាម​និង​ខេត្តកំពង់ឆ្នាំង បានចេញ​វិធានការ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការតម្រូវ​ឲ្យ​អ្នក​ចូល​មកលេង​ស្រុក ក្នុងពេល​ចូលឆ្នាំ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ និង​ពិនិត្យ​សំណាក រក​មេរោគ​កូ​វីដ​១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ បានប្រកាស​ពី​ការអនុវត្ត​វិធានការ​រដ្ឋបាល ជា​បណ្តោះអាសន្ន រយៈពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ ខែមេសា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​។

​វិធានការ​រដ្ឋបាល នៅ​ខេត្តកំពង់ធំ មិនបាន​កំណត់​ពី​បម្រាម​គោចរ ដែល​ហាមឃាត់​ការធ្វើដំណើរ​នៅពេល​យប់ ដូច​នៅ​ភ្នំពេញ​ឡើយ តែ​បានកំណត់​ឲ្យ​អ្នកធ្វើដំណើរ​ចូល​ខេត្តកំពង់ធំ ដែល​មកពី​តំបន់​មាន​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅតាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន ឬ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ក្រុង​ស្រុក ឬ​ខេត្ត តាម​ការជាក់ស្តែង​។​

​ក្នុង​សេចក្តីណែនាំ ចុះហត្ថលេខា​ដោយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ នា​ថ្ងៃទី​៥ ខែមេសា​នេះ ក៏បាន​កំណត់​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម ចំពោះ​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ​។ ប៉ុន្តែ​អាច​លក់​អាហារ វេច្ច​ខ្ចប់​បាន​។

​ចំណែក រមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែច្នៃ​នានា មិន​ឲ្យ​មានការ​កំសាន្ត ឬ​ការប្រមូលផ្តុំ​ណាមួយ​ឡើយ​។​

​ក្នុងនោះ ក៏ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង ចាប់ពី​ថ្ងៃទី​១០-១៨ ខែមេសា មិន​ថា ថ្ងៃ ឬ​យប់​ទេ លើកលែង​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា​។

​ក្នុង​សេចក្តីណែនាំ​ដដែល អភិបាលខេត្ត​កំពង់ធំ ក៏បាន​ណែនាំ​ដល់​មន្ទីរ​ធម្មការ និង​សាសនា ត្រូវ​ណែនាំ​ដល់​គ្រប់​វត្ត​អារាម ឲ្យ​ពុទ្ធ​បិ​រ​ស័​ទ​ពាក់​ម៉ាស វាស់​កំដៅ និង​លាងដៃ​ដោយ​អាល់កុល ឬ​ជែ​ល​ជា​ចាំបាច់ មុននឹង​អនុញ្ញាត​ឲ្យ​ចូលក្នុង​ទី​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ​។ ម្យ៉ាងវិញទៀត ត្រូវ​កំណត់​ចំនួន​ពុទ្ធបរិស័ទ ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល ដោយ​ត្រូវ​គិតពី​គម្លាត​សុវត្ថិភាព ១​ម៉ែត្រ​កន្លះ ទោះ​ដើរ អង្គុយ ឈរ ឬ​វេរចង្ហាន់ និង​ទេយ្យទាន ពី​បុគ្គល​ម្នាក់ ទៅ​ម្នាក់​។ ចំពោះ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ត្រូវ​រៀបចំ​មួយអង្គៗ ដាច់ដោយឡែក​ពីគ្នា ចៀសវាង​ការ​ឆាន់​រួមគ្នា​។​

​ដោយឡែក អភិបាល​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ក៏​បានចេញ​សេចក្តីណែនាំ ស្តីពី ការពង្រឹង​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​។

​សេចក្តីណែនាំ ដែលមាន ១៩​ចំណុច ចាប់​អនុវត្ត​ពីថ្ងៃ​ទី​៥ ខែមេសា​នេះ​តទៅ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​កំណត់ថា អ្នក​ដែល​ចេញទៅ​ធ្វើការ​នៅក្រៅ​ខេត្តកំពង់ឆ្នាំង ពេល​ចូល​ឆ្នាំនេះ គួរ​កុំ​ត្រឡប់មកផ្ទះ ហើយ​គួរ​សួរសុខទុក្ខ​គ្នា​តាម​អន​ឡាញ ( តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច )​។ ប្រសិនបើ​ពួកគាត់ មកលេង​ស្រុក នៅពេល​ដល់ផ្ទះ​ភ្លាម អាជ្ញាធរ​ឃុំ​សង្កាត់​ភូមិ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ ត្រូវ​គ្រប់គ្រង និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ព្រមទាំង​រាយការណ៍​មក​គ្រូពេទ្យ ដើម្បី​យក​សំណាក ទៅធ្វើ​តេស្ត​។

​សេចក្តីណែនាំ​របស់​អភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​កំណត់ថា ករណី​មាន​បុគ្គល មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក បាន​ត្រឹមត្រូវ​តាម​ការណែនាំ អាជ្ញាធរ​មូលដ្ឋាន មាន​ភារកិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

​ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៥ ខែមេសា​តទៅ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​កំណត់ថា ពិធី​ជួបជុំ​ផឹកស៊ី រាំ​កំសាន្ត ជប់លៀង ខារ៉ាអូខេ ក្លឹប ការប្រគំ​តន្ត្រី ការលេង​ល្បែង​កំសាន្ត និង​ការ​ចល័ត មក​ដាក់តាំង​លក់ទំនិញ​។​ល​។ ត្រូវ​ហាមឃាត់​ជាដាច់ខាត ទោះ​ក្រោមរូបភាព​ណាក៏ដោយ​។ ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​ហាមឃាត់​ជា​ដាច់​ខាត់​។​

​សេចក្តីណែនាំ​ដដែល ក៏បាន​កំណត់ថា នៅតាម​រមណីយដ្ឋាន​នានា សួនច្បារ កន្លែង​កម្សាន្ត​ផ្សេងៗ បងប្អូន​អាច​ដើរ​កម្សាន្ត​ដោយ​មធ្យោបាយ​រថយន្ត ឬ​ម៉ូតូ ឬ​ថ្មើរជើង ក្នុងនោះ ត្រូវគោរព​តាម​វិធាន​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​។ ដោយឡែក ករណី​ក្រាលកន្ទេល​អង្គុយ​ហូប​អាហារ ផឹកស៊ី ចាក់ធុងបាស ដូច​ធ្លាប់មាន​រៀងរាល់ឆ្នាំ ត្រូវ​ហាមឃាត់​ជាដាច់ខាត ទោះ​ក្រោមរូបភាព​ណាក៏ដោយ​។​

​ចំណែក​ខេត្តកំពង់ចាម​បានប្រកាស​អនុវត្ត​វិធានការ​រដ្ឋបាល​ចាប់ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃទី ២១ ខែមេសា​ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។​អាជ្ញាធរខេត្ត​បាន​បញ្ជាក់ថា​ដើម្បី​ធានា​ការពារ​អាយុជីវិត​រប​ស់បង​ប្អូន ប្រជាពលរដ្ឋ សុខភាព​សាធារណៈ សណ្តាប់ធ្នាប់​សាធារណៈ និង​ដើម្បី​កាត់បន្ថយ​ឱ្យបាន ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ជា​អតិបរមា​នូវ -១៩ ចំពោះ​វិស័យ​សង្គមកិច្ច ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ក្នុង​បរិការណ៍​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​នោះ ខេត្តកំពង់ចាម​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​០២ សប្ដាហ៍ ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២១ ខែមេសា នូវ​ទីតាំង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ និង​សកម្មភាព​អាជីវកម្ម​ពេល​រាត្រី រួមមាន ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​ចល័ត ផ្សារ​ទំនើប ម៉ា​ត ទីសាធារណៈ​នានា​ដែលមាន​សភាព​អ៊ូអរ និង មាន​មនុស្ស​ជួបជុំ​ក្នុង​ចំនួន​ច្រើន​ជាដើម​។​

​សូមបញ្ជាក់ថា មកដល់​ថ្ងៃទី​៥​មេសា ការអនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែលមាន​ការហាមឃាត់​សកម្មភាព​ជួបជុំ និង​ការលក់ដូរ ត្រូវបាន​អនុវត្ត​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែមេសា ដោយមាន​ទាំង​ការដាក់ចេញ​នូវ​បម្រាម​គោចរ ហាមឃាត់​ការធ្វើដំណើរ​ពេលយប់ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក​។ រីឯ​នៅ​ខេត្តកំពង់ស្ពឺ ក៏បាន​អនុវត្ត​វិធានការ​រដ្ឋបាល ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១៥ ខែមេសា តែ​នៅ​កំពង់ស្ពឺ មិនបាន​ហាមឃាត់ ការធ្វើដំណើរ​ពេលយប់ ដូច​នៅ​ភ្នំពេញ​ទេ​។​

​ដូច្នេះ​តាម​សេចក្តីណែនាំ​ខាងលើ ច្បាស់​ណាស់​ថា អ្នក​នៅ​ភ្នំពេញ ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ មិនគួរ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នោះទេ ព្រោះថា ភ្នំពេញ ត្រូវបាន​ក្រសួងសុខាភិបាល កំណត់ថា​ជាទី​តាំង​ភូមិសាស្ត្រ ក្នុងចំណោម ៥​រាជធានី​ខេត្ត ដែលមាន​ការឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ​២០​កុម្ភៈ​។ ដូច្នេះ​ការធ្វើដំណើរ​កម្សាន្ត ឬ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ផ្សេងៗ អាចជា​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​ជំងឺ​កូ​វីដ​១៩ ទៅ​បុគ្គល​ដទៃ គ្រួសារ​ផ្សេងទៀត និង​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​។​

​ម្យ៉ាងវិញទៀត បើសិនជា​អ្នកមាន​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ និង​នៅ​ខេត្តកំពង់ឆ្នាំង គឺ​ពេលទៅដល់​ផ្ទះ​នៅ​ស្រុកកំណើត អំឡុងពេល​ចូលឆ្នាំ​នេះ គឺ​នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ហើយ​បើសិនជា​ប្រឆាំង មិន​ព្រម​ធ្វើតាម​ការកំណត់ នោះ​នឹងត្រូវ​ផាកពិន័យ​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល​។

​ចូលឆ្នាំ ឆ្នាំនេះ គួរតែ​ចូលឆ្នាំ​តាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​បើ​ចង់​ធ្វើបុណ្យ ក៏​គួរតែ​ទៅ​វត្ត​ជិតៗ​ផ្ទះ ដោយ​ប្រុងប្រយ័ត្ន និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ក្នុង​ពេលចេញ​ក្រៅ​ផ្ទះ ឬ​ពេល​ទៅ​វត្ត ដើម្បី​ឧទ្ទិស​កុសល​ជូន​ញត្តិ​ការ​ទាំង ៧​សន្តាន ជីដូន​ជីតា ឪពុកម្តាយ សាច់​ញត្តិ ដែល​បាន​ចែក​ឋាន​។ រីឯ​ការសួរសុខទុក្ខ​គ្នា គួរតែ​ធ្វើតាម​ទូរស័ព្ទ ឬ​ខ​ល messenger តាម​ហ្វេ​ស​ប៊ុ​ក ដែល​អាច​មើលមុខ​គ្នា​ឃើញ​បាន​។

​ឆ្នាំនេះ យើង​ទ្រាំ​មួយឆ្នាំ​ទៀត បន្ទាប់ពី​ឆ្នាំមុន រាជរដ្ឋាភិបាល ក៏បាន​បិទ​ចរាចរណ៍ មិន​ឲ្យ​ឆ្លងខេត្ត ក្នុងអំឡុងពេល​ចូលឆ្នាំ​ដែរ​។ កាលពី​ចូលឆ្នាំ ឆ្នាំមុន ក្រោយ​អនុវត្ត​វិធាន​ការបិទ​ការធ្វើដំណើរ​ឆ្លង​រាជធានី​ខេត្ត គឺ​អំឡុងពេល​ចូលឆ្នាំ យើង​មិនមាន​ការឆ្លង​ជំងឺ​កូ​វិដ​១៩ ឡើយ​។ ពេលនេះ ពេលដែល​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត ១៤​ផ្សេងទៀត រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល កោះកុង កំពង់ធំ ព្រៃវែង កំពង់ចាម សៀមរាប កំពត តាកែវ កែប ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្តកំពង់ឆ្នាំង មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺ​យើង​គួរតែ​បន្ត​ស្ងប់ស្ងាត់​មួយឆ្នាំ​ទៀត ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វីដ​។ កូ​វីដ ដែល​ពេលនេះ នៅ​ស្រុក​យើង កាន់តែ​កាច​សាហាវ ហើយ​បានសម្លាប់​មនុស្ស​រៀងរាល់​ថ្ងៃ​។ គិត​ចាប់ពី​ថ្ងៃទី​១១​មីនា ដល់​ថ្ងៃទី​៤​មេសា មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន ២១​នាក់​ហើយ នៅ​ភ្នំពេញ ២០​នាក់ និង​ម្នាក់ នៅ​កោះធំ ខេត្តកណ្តាល​៕​

Loading...