យក អំណាចលោកចៅហ្វាយខេត្តធ្វើបាបរាស្ត្រ

ខេត្តកណ្ដាល៖ មន្ត្រីមន្ទីរកសិកម្មខេត្តកណ្ដាល បានឲ្យដឹងថា លោក អ៊ុល ដូរិន្ទ ប្រធានការិយាល័យបសុពេទ្យ និងផលិតកម្មខេត្តកណ្ដាល កំពុងប្រើប្រាស់អំណាច និងតួនាទីប្រមូល លុយធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក អ៊ុល ដូរិន្ទ ហ៊ានធ្វើអ្វីស្រេចតែអំពើចិត្ត គឺអាចមានការបើកដៃពីប្រធានមន្ទីរកសិកម្មផងដែរ ទើបប្រធានមន្ទីរកសិកម្មធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ឥឡូវនេះរឿងអាស្រូវពុករលួយរបស់លោក អ៊ុល ដូរិន្ទ ត្រូវបានលាតត្រដាងជាសាធារណៈ ហើយប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល ក៏អាចជាប់ពាក់ព័ន្ធយ៉ាងជ្រៅផងដែរនៅក្នុងរឿងនេះ។
តាមការអះអាងរបស់ឈ្មួញ និងអាជីវករដឹកជញ្ជូនសាច់ជ្រូកមាន់ទាពីបណ្ដាខេត្តនានាចូលមក រាជធានីភ្នំពេញ បានឲ្យដឹងថាលោក អ៊ុល ដូរិន្ទ ប្រធានការិយាល័យបសុពេទ្យ ខេត្តកណ្ដាល បានចាត់ចែងឲ្យមន្ត្រីក្រោមឱវាទដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីជំរិត យកលុយពីពួកគេយ៉ាងក្រអឺតក្រទម។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឬអាជីវករដឹកសាច់ជ្រូកមាន់ទាចូលមករាជធានីភ្នំពេញតាមផ្លូវ ជាតិនានា ព្រមទាំងប្រជាពលរដ្ឋដែលដឹកសត្វជ្រូកមាន់ទាតាមម៉ូតូ សុទ្ធតែត្រូវបង់លុយឲ្យមន្ត្រីបសុពេទ្យតាមប៉ុស្តិ៍ត្រួតពិនិត្យ។ មន្ត្រីបសុពេទ្យក្រោមបញ្ជារបស់លោក អ៊ុល ដូរិន្ទ បានឆែកឆេរសួរនាំរកលិខិតស្នាម ហើយបើគ្មានលិខិតទេនោះត្រូវគេកំណត់ឲ្យបង់លុយចាប់ពី៥ម៉ឺនដល់២០ ម៉ឺនរៀលដោយគ្មានចេញវិក្កយបត្រអ្វីឡើយ។
មួយរយៈពេលចុងក្រោយនេះ មន្ត្រីក្រោមឱវាទលោក អ៊ុល ដូរិន្ទ ប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ហេតុនេះហើយទើបឈ្មួញ អាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីដឹកមាន់ទាជ្រូកចូលមករាជធានីភ្នំពេញបាន លាតត្រដាងរឿងអាស្រូវនេះជាសាធារណៈ។ បញ្ហាដែលធ្វើឲ្យមជ្ឈដ្ឋាននានាហួសចិត្តនោះ គឺករណីមន្ត្រីពេទ្យសត្វខេត្តកណ្ដាល បង្កើតប៉ុស្តិ៍ត្រួតពិនិត្យជំរិតយកលុយពីឈ្មួញអាជីវករនិង ប្រជាពលរដ្ឋតាមអំពើចិត្ត គឺធ្វើតាមលិខិតបេសកកម្មដែលចេញដោយលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។ មានន័យថា អំពើអាក្រក់របស់លោក អ៊ុល ដូរិន្ទ ប្រធានការិយាល័យបសុពេទ្យ និងផលិតកម្មនៃមន្ទីរកសិកម្មខេត្តកណ្ដាល មានជាប់ពាក់ព័ន្ធជាមួយលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលផងដែរ៕

1100

Loading...

Leave a Reply

Your email address will not be published. Required fields are marked *