យន្ដហោះចម្បាំងអាមេរិករារាំងយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីនៅដែនអាកាសអន្តរជាតិ អាឡាស្កា

យន្តហោះចម្បាំងអាមេរិក២គ្រឿងបានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿង ក្នុងដែនអាកាសអន្តរជាតិ នៅឯនាយឆ្នេរសមុទ្រអាឡាស្កា កាលពីថ្ងៃសុក្រ។

យន្តហោះទម្លរាក់គ្រាប់បែក TU-95 របស់រុស្ស៊ីបានហោះហើរទៅតំបន់ដែលគេហៅថា តំបន់ការពារដែនអាកាស ស្ថិតនៅចម្ងាយប្រហែល២០០ម៉ាយពីឆ្នេរសមុទ្រភាគខាងលិច អាឡាស្កា (Alaska) នៅប្រហែលម៉ោង១០ព្រឹកម៉ោងនៅក្នុងតំបន់។ នេះបើតាមឧត្តមសេនីយ៍ការពារដែនអាកាសអាមេរិកភាគខាងជើង លោក Andrew Hennessy ថ្លែងការណ៍មួយផ្សាយនៅលើបណ្តាញព័ត៌មាន CNN ។

ប្រភពបានបន្តថា យន្តហោះចម្បាំងអាមេរិក NORAD F-22 ចំនួន២គ្រឿង មូលដ្ឋាននៅ អាឡាស្ការ បានប្រតិបត្តិការហោះស្ទាក់ចាប់ និងកំណត់អត្តសញ្ញាណបានថា ជាយន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី រហូតដល់យន្តហោះ២គ្រឿងសុខចិត្តយល់ព្រមចាកចេញពីតំបន់ដែនអាកាស ដោយមិនបានរំលោភចូលដែនអាកាសអាមេរិកនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់ប្រភពពីមន្ត្រីក្រសួងការពារជាតិរុស្ស៊ីផ្សាយកាលពីថ្ងៃសៅរ៍ថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី TU-95 និង TU-142 ត្រូវអមដោយយន្តហោះចម្បាំងអាមេរិក F-22 ចំនួនពីរគ្រឿង ក្នុងដែនអាកាសអន្តរជាតិរយៈពេល៤០នាទី។

យន្ដហោះចម្បាំងអាមេរិកមិនបានចូលជិតជាង១០០ម៉ែត្រកៀកនឹងយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីនោះទេ ៕

 

Loading...