យន្ដហោះចម្បាំងអ៊ីស្រាអែលវាយសន្ធប់ទីតាំងហាម៉ាស នៅតំបន់ហ្គាហ្សា

កងទ័ពអ៊ីស្រាអែលបានប្រកាសថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហារយ៉ាងសន្ធប់ ចូលទីតាំងហាម៉ាស (Hamas) នៅតំបន់ជ្រោយ ហ្គាហ្សាស្ទ្រីប (Gaza Strip) បន្ទាប់ពីគ្រាប់រ៉ុក្កែតច្រើនគ្រាប់ ត្រូវបាញ់ចេញពីទីនោះកាលពីថ្ងៃសុក្រទី ២៦ ខែមិថុនា ឆ្ពោះមកលើទឹកដីអ៊ីស្រាអែល ។ មិនទាន់ដឹងអំពីគ្រោះថ្នាក់ដល់អាយុជីវិត​នៅឡើយទេ ។

ការបាញ់តប់តនេះបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាសដែលជាចលនាអ៊ិស្លាមនិយមបានព្រមានថា ការបញ្ចូលជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែលលើផ្នែកខ្លះតំបន់វេសប៊ែង (West Bank)នោះគឺជា“ ការប្រកាសសង្រ្គាម” ។

កងទ័ពអ៊ីស្រាអែលបាននិយាយថា យន្ដហោះអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងឃ្លាំងគ្រាប់រំសេវ និងទីតាំងផលិតគ្រាប់រ៉ុក្កែតនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប ។

ប្រភពសន្តិសុខនៅតំបន់ហ្គាហ្សាបានបញ្ជាក់ប្រាប់ AFP ថា មានការវាយប្រហារនៅតំបន់ Khan Yunis នៅភាគខាងត្បូងទឹកដីប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២ លាននាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថា រ៉ុក្កែត ២ គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបឆ្ពោះទៅទឹកដីអ៊ីស្រាអែល។

នោះជាការបាញ់រ៉ុក្កែតដំបូងបង្អស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីដើមខែឧសភាមក ។

សំណើរបស់អ៊ីស្រាអែលដើម្បីបញ្ចូលការតាំងទីលំនៅរបស់ខ្លួននៅតំបន់វេសប៊ែង និងជ្រលងភ្នំហ្ស៊កដានី គឺជាផ្នែកមួយនៃគម្រោងការសន្តិភាពយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែមករា ។

ក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានធ្វើសង្គ្រាមចំនួន ៣ លើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជម្លោះចុងក្រោយបង្អស់កើតឡើងក្នុងឆ្នាំ ២០១៤ សម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២,២៥១ នាក់និងប្រជាជនអ៊ីស្រាអែលចំនួន ៧៤ នាក់។

មិនមានទំនាក់ទំនងផ្លូវការរវាងភាគីទាំងពីរទេ។ អាជ្ញាធរប៉ាឡេស្ទីនដែលជារដ្ឋបាលដាច់ដោយឡែកមួយ មានមូលដ្ឋាននៅតំបន់ West Bank បានកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលកាលពីខែមុន ៕ ថាច់ យ៉ាត

Loading...