យន្តហោះគ្មានមនុស្សបើកអាមេរិកវាយប្រហារនៅប៉ាគីស្ថានសម្លាប់ជនសង្ស័យក្រុមឧទ្ទាម៦នាក់

មន្ត្រីបានថ្លែងឲ្យដឹងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ថា យន្តហោះគ្មានមនុស្សបើកអាមេរិកបានធ្វើសកម្មភាពបាញ់ប្រហារពីលើដែនអាកាសសម្លាប់មនុស្សយ៉ាងតិច៦នាក់ និងរងរបួស៤នាក់ផ្សេងទៀតដែលក្រុមទាំងនេះសង្ស័យថា ជាក្រុមឧទ្ទាមស្ថិតនៅតំបន់ដាច់ស្រយាល់ភាគពាយព្យប្រទេសប៉ាគីស្ថានជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន ។

ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខប៉ាគីស្ថាន ក៏ដូចពីក្រុមខ្មាន់កាំភ្លើងផងដែរបាននិយាយថា ការវាយប្រហារនេះបានធ្លាក់ទៅចំបរិវេណសង្ស័យថាជាកន្លែងរស់នៅរបស់ក្រុមឧទ្ទាមស្ថិតនៅក្នុងភូមិ Dattakhel ជាភូមិមួយមានទីតាំងនៅក្នុងខេត្ត North Waziristan និងមានព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាន ។

មេក្រុមសន្តិសុខម្នាក់ថែ្លងក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកបរបានបាញ់មីស៊ីល២ក្រាប់ពីលើដែនអាកាសចូលទៅកាន់ទីតាំងលំនៅឋានមួយកន្លែង ដែលគេជឿជាក់ថា ជាទីជម្រករបស់ក្រុមឧទ្ទាមបរទេស ។

កម្លាំងយោធារបស់អាមេរិកបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកបរសម្រាប់វាយប្រហារពីលើដែនអាកាសសំដៅគោលដៅទៅលើក្រុមមេដឹកនាំភេរវកម្មអាល់កៃដា និងក្រុមឧទ្ទាមអិស្លាមជ្រុលនិយមដទៃផ្សេងទៀតដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនភាគពាយព្យរបស់ប៉ាគីស្ថាន ។ ការធ្វើប្រតិបត្តិការនៅក្នុងតំបន់ខាងលើនេះបានកើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានការវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកតិចតួចប៉ុណ្ណោះ ។

តាំងពីឆ្នាំ២០១៥រហូតមកដល់ពេលនេះ មានការវាយប្រហារពីលើដែនអាកាសដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកបរ គឺបានកើតឡើង១២ដងប៉ុណ្ណោះ បូករួមទាំងការវាយប្រហារកាលពីថ្ងៃអង្គារ ទី១ ខែកញ្ញានោះផងដែរ ។ នេះបើតាមការស៊ើបអង្កេតរបស់ក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ។ ប្រភពនេះបានបញ្ជាក់ថា កាលពីឆ្នាំ២០១៤ មានការវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកបរបានកើតឡើង២៥លើក ៕

usdrone kill suspect

Loading...

Leave a Reply

Your email address will not be published. Required fields are marked *