យន្តហោះចម្បាំង Su-30 រុស្ស៊ី ធ្លាក់នៅតំបន់ Tver

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ព័ត៌មានបឋម​អំពីគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង​​អំឡុងពេលបំពេញបេសកកម្មហ្វឹកហាត់ ។

ប្រភព Sputnik ផ្សាយថ្ងៃទី២២ ខែកញ្ញាថា សេចក្តីថ្លែងការណ៍​មួយរបស់ក្រសួង​ការពារជាតិរុស្ស៊ី​អះអាងថា យន្តហោះចម្បាំង Su-30 មួយគ្រឿង​បានធ្លាក់នៅតំបន់ Tver ។ យន្តហោះនេះបានធ្លាក់​នៅក្នុងព្រៃមួយកន្លែង ពេលដែលអាកាសយានិក​បានលោត​ចេញពី​យន្តហោះនេះហើយនោះ ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា «នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ យន្តហោះ Su-30 មួយគ្រឿង​របស់មូលដ្ឋានយោធា​ភាគខាងលិច​បានធ្លាក់​​នៅតំបន់ Tver ក្នុងអំឡុងពេល​បំពេញបេសកកម្មហ្វឹកហាត់​តាមការគ្រោងទុក​ ។ យន្តហោះបានធ្លាក់​នៅលើ​តំបន់ព្រៃឈើ ហើយមិនបណ្តាលឲ្យខូចខាតនៅលើផ្ទៃដីទេ» ។

ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ទៀតថា អាកាសយានិកបានទាក់ទងមកកាន់បន្ទាយយោធារួចហើយ និងបានជម្លៀសខ្លួនទៅកាន់មូលដ្ឋានផងដែរ ដូច្នេះអាយុជីវិតរបស់គេ គឺមិនមានគ្រោះថ្នាក់ទេ។

នៅពេលនេះមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីមូលហេតុបណ្តាលឲ្យឧប្បត្តិហេតុនេះកើតឡើងនៅឡើយទេ ។ ក្រុមយោធាតំបន់បស្ចឹមប្រទេសរបស់រុស្ស៊ីបានបញ្ជូនគណៈកម្មការមួយទៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេត ។

យន្តហោះចម្បាំង Sukhoi Su-30 (ឈ្មោះហៅរបស់ណាតូគឺ Flanker-C) គឺជាយន្តហោះមានម៉ាស៊ីនធុនស្រាល និងជាយន្តហោះចម្បាំងដែលអាចគ្រប់គ្រងបានពីរកៅអីប៉ុណ្ណោះ ។ យន្តហោះនេះបង្កើតឡើងដោយសាជីវកម្មអាកាសចរណ៍ Sukhoi របស់ប្រទេសរុស្ស៊ី ។

វាជាកំណែសម្រួលថ្មីបំផុតរបស់យន្តហោះចម្បាំងនេះ ហើយត្រូវបានស្គាល់ថា Su-30SM ។ ការកែសម្រួលធ្វើឡើងក្នុងឆ្នាំ ២០១២​ដោយកងកម្លាំងរុស្ស៊ី ហើយបានចូលរួមក្នុងយុទ្ធនាការសមរភូមិនៅស៊ីរីទៀតផង ។ យន្តហោះចម្បាំងម៉ូដែល Su-30 ផ្សេងៗទៀត ត្រូវបានបញ្ជាទិញដោយប្រទេសចិន, ឥណ្ឌា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, អាមេនី, បេឡារុស្ស និងប្រទេសដទៃទៀតផងដែរ ៕ ថាច់ យ៉ាត

Loading...