យន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរមួយគ្រឿង បានជ្រុល ចេញក្រៅផ្លូវ ពេលចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty

ករណីនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ក្រោយយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរមួយគ្រឿង បានជ្រុល ចេញក្រៅផ្លូវពេលចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ក្នុងរដ្ឋ New Jersey អាមេរិក។

តាមការប្រកាសរបស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិក FAA ថា យន្តហោះខាងលើមានលេខហោះហើរ 627 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានចុះចតនៅអាកាសយានដ្ឋាន Newark Liberty វេលាម៉ោង១៣រសៀលថ្ងៃទី១៥ខែមិថុនា ។ ក្រោយចុះចត យន្តហោះនោះក៏បានជ្រុលធ្លាក់ចេញពីផ្លូវចូលវាលស្មៅតែម្តង។

មានអ្នកដំណើរទាំង១៦៦នាក់បានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព មិនមានអ្នកណារងរបួសនោះឡើយ។ ហេតុការខាងលើធ្វើឲ្យជើងហោះហើរជាច្រើនត្រូវពន្យាពេល ដើម្បីអូសយន្តហោះខាងលើទៅកាន់តំបន់មានសុវត្ថិភាព។

កាលពីពេលកន្លងមកក៏មានយន្តហោះ BG060 បានជ្រុលចេញពីផ្លូវ ចូលទៅវាលស្មៅនៅអាកាសយានដ្ឋានអន្តរជាតិ Yangon ប្រទេសមីយ៉ាន់ម៉ា ដោយសារតែអាកាសធាតុអាក្រក់មានភ្លៀងធ្លាក់ បណ្តាលឲ្យមនុស្ស១៧នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ៕

Loading...