យប់មិញកីឡាករ Valencia នាំគ្នា​ដើរចេញ​ពី​ទីលាន​ដោយសារ​មូលហេតុ​នេះ​

​កីឡា ៖ កីឡាករ Valencia បាននាំគ្នា​ដើរចេញ​ពី​ទីលាន​ប្រកួត​នៅ​អំឡុង​ប្រកួត​ទល់នឹង​ម្ចាស់ផ្ទះ Cadiz ក្រោយ​ទទួលរង​នូវ​ការរើសអើង​ពូជសាសន៍​ជាខ្លាំង​ កាលពីយប់មិញ។​

​ខ្សែប្រយុទ្ធ Mouctar Diakhaby របស់ Valencia មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ក្រោយ​ទទួលរង​នូវ​ការរើសអើង​ពូជសាសន៍ បន្ទាប់ពី​ប៉ះទង្គិច​គ្នា​ជាមួយ Juan Cala របស់​ក្លិប Cadiz កាល​ក្នុង​វគ្គ​ទី​១ ដោយ​មានការ​ប្តឹងផ្តល់​ដល់​អាជ្ញាកណ្តាល​ផងដែរ​នៃ​ការប្រកួត​ក្នុង​ក្របខណ្ឌ La Liga នា​រាត្រី​ថ្ងៃអាទិត្យ ទី​០៤ ខែមេសា ឆ្នាំ​២០២១​។​

​ក្រោយពី​អាជ្ញាកណ្តាល​មិនសូវ​ជា​អើពើ ក្រុម​កីឡាករ Valencia បាននាំគ្នា​ដើរចេញ​ពី​ទីលាន​ប្រកួត​តែម្តង ជាមួយ​ក្លិប​ក៏​បានចេញ​សេចក្តី​ថ្លែងថា កីឡាករ Diakhaby របស់​ពួកគេ​ទទួលរង​នូវ​ការរើសអើង​ពូជសាសន៍​ដោយ​អយុត្តិធម៌ និង​មិនអាច​ទទួលយកបាន​នៅ​អំឡុង​ប្រកួត​។​

​បន្ទាប់ពី​ការសម្រួល និង​ស្រុះស្រួល​គ្នា​មក ក្រុម​ភ្ញៀវ​ខាងលើ​ក៏បាន​វិល​ចូល​ទីលាន​វិញ និង​ប្រកួត​បន្ត ដែល​ក្រុម​ម្ចាស់ផ្ទះ Cadiz បាន​យកឈ្នះ Valencia ក្នុង​លទ្ធផល​ផ្លូវការ ២-១ ហើយ​ប្រសិនបើ​មិន​ព្រម​លេង​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង ៩០​នាទី Valencia អាច​ប្រឈម​ទៅនឹង​ការ​កាត់​ពិន្ទុ នេះ​បើតាម Jose Gaya លើកឡើង​បែបនេះ ក្រោយ​ចប់​ការប្រកួត​ពេញ​ម៉ោង​៕

Loading...