យានអវកាស Unity របស់ក្រុមហ៊ុន Virgin Galactic បញ្ចប់ការធ្វើតេស្តចុងក្រោយ មុនពេលបន្ថែមថាមពលរ៉ុក្កែត

យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រុមហ៊ុន Virgin Galactic បានឲ្យដឹងថា ការសាកល្បងលើកទី២ របស់ក្រុមហ៊ុនទៅលើយានអវកាស Unity ហាក់ដូចជាទទួលបានជោគជ័យ ។ ឥឡូវនេះ យានអវកាសនឹងបន្ដធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត ដោយត្រៀមសម្រាប់ពេលណាមួយ ដែលវានឹងហោះហើរទៅកាន់ទីអវកាស ។

ការហោះហើរចេញពីទី Spaceport America ថ្មីរបស់ខ្លួននៅវាលខ្សាច់ញូវម៉ិកស៊ិកនោះ ក្រុមហ៊ុនរុករកអវកាស Virgin Galactic បានសាកល្បងប្រកបដោយជោគជ័យជាលើកទី២ លើយាន Unity ដែលជាយានអវកាស SpaceShipTwo កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា។ ការហោះហើរសាកល្បងលើកដំបូងសម្រាប់យាន Unity គឺធ្វើឡើងកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០ ។

យោងតាមក្រុមហ៊ុន Virgin Galactic បានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងយាននេះពាក់ព័ន្ធនឹងយន្ដហោះដឹកទំនិញដ៏ធំមួយ គឺយន្តហោះ Eve បានហោះឡើងជាមួយយាន Unity ហើយបញ្ចេញយាន​ Unity ក្នុងរយៈកម្ពស់ ៥១,០០០ ហ្វីត (ប្រហែលជាង​១៥គីឡូម៉ែត្រ) បន្ទាប់ពីនោះ យាន Unity បានហោះចេញពីយន្តហោះ Eve ក្នុងល្បឿនប្រហែល ៦៥០ ម៉ាយ (ប្រហែល​១០៤៦ គីឡូម៉ែត្រ) ក្នុងមួយម៉ោង ។

លោក George Whitesides នាយកប្រតិបត្តិក្រុមហ៊ុន Virgin Galactic បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា“ ខ្ញុំពិតជារំភើបជាមួយនឹងការខិតខំរបស់ក្រុមការងារដើម្បីបញ្ចប់ការហោះហើរសាកល្បងនៅថ្ងៃនេះដោយជោគជ័យ” ។ “ វាជាការសាកល្បងដ៏សំខាន់មួយដែលរង់ចាំការត្រួតពិនិត្យទិន្នន័យ មានន័យថា ឥឡូវនេះ យើងអាចចាប់ផ្តើមរៀបចំយាននេះសម្រាប់ការហោះហើរដោយប្រើថាមពល ។ ការផ្តោតរបស់យើង​នៅក្នុងឆ្នាំនេះ នៅតែមិនមានការផ្លាស់ប្តូរ​​ លើការធានា​​យាន និងប្រតិបត្តិការ​របស់យើង​ត្រូវបានត្រៀម​សម្រាប់​សេវាកម្ម​ហោះហើរយានអវកាស​ពាណិជ្ជកម្មជាទៀងទាត់ក្នុងរយៈពេលវែង» ។

ប្រសិនបើការធ្វើតេស្តសាកល្បងនេះអាចជោគជ័យលើ“ការត្រួតពិនិត្យទិន្នន័យទូលំទូលាយ”នោះ ក្រុមហ៊ុននឹងបន្តធ្វើតេស្តសាកល្បងជាមួយគ្រាប់រ៉ុក្កែតបន្តទៀត ។

តាមពិតទៅ ក្រុមហ៊ុន Virgin Galactic មានគោលបំណង​ផ្តល់ជូនការធ្វើដំណើរ​រយៈពេល​៩០នាទី​​ទៅកាន់គែម​អវកាស​​​​តាមយានដូច Unity នេះ ដែលអាច​ដឹកអ្នកទេសចរអវកាស​៦នាក់​ ។ ក្រុមហ៊ុន Virgin Galactic បាន​ប្រាប់ទៅ​កាន់​ម្ចាស់ភាគហ៊ុនរបស់ខ្លួនថា ពួកគេរំពឹងថា នៅឆ្នាំក្រោយនេះ នឹងទទួលបាននូវប្រាក់កម្រៃ ។ កាលពីខែមុន ស្ថាបនិក Richard Branson បានប្រកាសថា លោកអាចលក់​ភាគហ៊ុនផ្ទាល់ខ្លួន​៥០០លានដុល្លារអាមេរិក​នៅក្នុង​ក្រុមហ៊ុន Virgin Galacticនេះ ដែលជាកិច្ច​ការមួយ​ខិតខំ​ដោះស្រាយ​ចំពោះ​បញ្ហាហិរញ្ញវត្ថុរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ថាច់ យ៉ាត

Loading...