យាយអាយុ៧៣ឆ្នាំ ចិញ្ចឹមចៅកំព្រា៣នាក់ ជាមួយមុខរបររើសអេតចាយនៅខេត្តត្បូងឃ្មុ

ខេត្តត្បូងឃ្មុំ ៖ លោកយាយ អាយុ៧៣ឆ្នាំម្នាក់ បានប្រកបរបររើសអេតចាយរកប្រាក់ដើម្បី ចិញ្ចឹមចៅកំព្រាស្រី ប្រុស ៣នាក់ ស្ថិតនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយជ្រកក្រោមផ្ទះឈើ១ខ្នង ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ប្រក់ស័ង្កសី ។

សេចក្តីរាយការណ៍ឲ្យដឹងថា លោកយាយខាងលើ ឈ្មោះ បូ អាយ តាំងតែពីឆ្នាំ១៩៧០ ដោយគាត់បានទិញអុសពីអ្នកភូមិយកទៅលក់នៅក្រុងកំពង់ចាម គ្រាដែលសាឡាងទន្លេបិទនៅឆ្លងទៅមក ។ លុះពេលស្ពានគីហ៊្សុណាបានសាងសង់រួច គាត់ក៏បានប្តូរមុខរបរមករើសអេតចាយវិញ ដើម្បីចិញ្ចឹមចៅប្រុសស្រី៣នាក់ គឺបាន១ថ្ងៃហូប១ថ្ងៃ មានពេលខ្លះអ្នកភូមិពេលមានបាយសម្លឆ្ងាញ់ ក៏ដួសមកជូនលោកយាយពិសាដែរ ព្រោះអាណិតគាត់វ័យកាន់តែចាស់ហើយ ប៉ុន្តែត្រូវរ៉ាប់រងរកស៊ីចិញ្ចឹមចៅៗទៀត ។

យាយ បូ អាយ អាយុ៧៣ឆ្នាំ ប្រាប់ឲ្យដឹងថា បងប្អូនរបស់គាត់ស្លាប់អស់ហើយ គឺសព្វថ្ងៃមានតែម្នាក់ឯងគត់ដោយទទួលរ៉ាប់រងបីបាច់ថែរក្សាចិញ្ចឹមចៅ៣នាក់មាន ១-ឈ្មោះ ចាន់ ធី ភេទស្រី អាយុ១៧ឆ្នាំ ២-ឈ្មោះ ចាន់ ធា ភេទស្រី អាយុ១៣ឆ្នាំ និង៣-ឈ្មោះ ចាន់ ធូ ភេទប្រុស អាយុ៧ឆ្នាំ ។

លោកយាយបានរៀបរាប់ពីជីវិតគ្រួសារគាត់ថា មានពេលមួយកាលពី៧ឆ្នាំមុនគាត់បានចេញទៅច្រូតស្មៅឲ្យគេនៅម្តុំហាងបឹងទន្លេមាស ឃុំទន្លេបិទ ។ ខណៈកំពុងអង្គុយច្រូត ក៏ត្រូវម៉ូតូមកបុកគាត់បាក់ជើងទាំងសងខាង ហើយត្រូវបាននាំទៅព្យាបាលនៅគ្រូខ្មែរថ្នល់ទទឹង ឃុំជប់។ ចំណែកកូនស្រីពៅរបស់គាត់ឈ្មោះ បូ សេត អាយុ៣៦ឆ្នាំ បានសម្រាលកូនប្រុសពៅទី៣នៅមន្ទីរពេទ្យ ។ ក្រោយពីត្រឡប់មកដល់ផ្ទះវិញ មិនបាននៅអាំងភ្លើងឱ្យរឹងដៃរឹងជើងទេបែរជាប្រឹងប្រែងធ្វើដំណើរទៅសួរសុខទុក្ខគាត់នៅផ្ទះគ្រូខ្មែរទាំងកូនខ្ចី ។ លុះកូនស្រីត្រឡប់មកផ្ទះវិញ ក៏ទាស់ស្លាប់ចោលគាត់ ទាំងមិនបានមើលមុខកូនជាលើកចុងក្រោយផង ដោយសារគាត់ត្រូវនៅដេកព្យាបាលនៅផ្ទះគ្រូខ្មែរអស់៧ខែ។ កូនស្រីគាត់ស្លាប់ចោលកូនទើបតែអាយុបាន១ខែ ដូច្នេះបន្ទុកគ្រួសារត្រូវបានធ្លាក់ទៅលើគាត់ជាអ្នកចិញ្ចឹមបីបាច់យ៉ាងលំបាក ។ ក្រោយមកមិនបានប៉ុន្មានផង កូនប្រសាប្រុសឈ្មោះ ណៃ ឃាន អាយុ៤១ឆ្នាំ ក៏ស្លាប់ទៀត ដោយសារក្អួតធ្លាក់ឈាមគ្រាំគ្រា ក្រោយពីទៅធ្វើជាកម្មករលីសែងនៅមាត់ទន្លេ បាក់កម្លាំង ។

អ្នកគ្រូ សុខ ផារី បង្រៀននៅសាលាបឋមសិក្សាទន្លេបិទ ឲ្យដឹងថា ចៅប្រុសរបស់លោកយាយ បូ អាយ ឈ្មោះ ចាន់ ធូ ជាកូនសិស្សរបស់គាត់ ។ តាមការសង្កេត គេមកសិក្សាមិនបានទៀងទាត់ទេ ដោយសារតែស្ថានភាពជីវភាពក្រីក្រ មានពេលខ្លះត្រូវទៅដើររើសអេតចាយជាមួយនឹងជីដូនរបស់គេនៅក្រុងកំពង់ចាម ។ ការហូបចុកក៏មិនសូវគ្រប់គ្រាន់ទៀត ពេលខ្លះមករៀនមិនមានលុយចាយបានមិត្តភក្ដិឲ្យនំចំណីហូប ចំណែអ្នកគ្រូបាន ផ្តល់សម្ភារសិក្សាមានសៀវភៅ ខ្មៅដៃ និងរបស់ផ្សេងៗទៀត មិនដែលយកលុយពីកុមារកំព្រានេះទេ ទោះបីជីវភាពអ្នកគ្រូក៏ជួបបញ្ហាក្ដី ៕

chas mnus

Loading...

Leave a Reply

Your email address will not be published. Required fields are marked *