យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ កើតមានចោរច្រើនណាស់

ខេត្តពោធិ៍សាត់ ៖ ព្រឺរោមខ្ញាកៗខណៈមានសម្លេងខ្សិបខ្សៀវតាមតុកាហ្វេ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ព្រោះបច្ចុប្បន្ននេះគេសង្កេតឃើញកើតមានចោរច្រើន បាត់បង់ទ្រព្យសម្បត្តិមានតំលៃផ្សេងៗស្ទើររាល់ថ្ងៃ និយាយរួមចាប់តាំងពីលោក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រុងពោធិ៍សាត់ឡើងកាន់មុខតំណែងនេះតែម្ដង ។

ប្រភពខ្សឹបខ្សៀវដដែលបន្តថា ជាក់ស្ដែងព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចម្ដុំមន្ទីរសុរិយោដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ មានករណីជនសង្ស័យ(ចោរ)កាច់សោ.កម៉ូតូ១គ្រឿង រួចជិះរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1K 9888 ជាកម្មសិទ្ធរបស់ឈ្មោះ យៀក សុីណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីច្រកចេញចូលតែមួយនៃសាលាខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

គួររំលឹកថា ចោរលួច.ចោរឆក់.ចោរប្លន់ នេះ ពុំមែនទើបតែនឹងកើតមាននោះទេ គឺកើតមានជាយូយាមកហើយ កន្លងមកមានករណីភ្ជុងប្លន់យកម៉ូតូនៅក្រោយផ្ទះលោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ខ្លួនឯងនេះតែម្ដង ៕

Loading...