យុគ យក្សផ្លែ និង នីម នន ឈ្នះកៅអីវគ្គជម្រុះជុំទី២ ត្រៀមជុំទី២វគ្គ១៦នាក់

ភ្នំពេញ៖ កីឡាករ យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ និង នីម នន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានប្រកួតឈ្នះដៃគូរបស់ខ្លួន ក្នុងវគ្គជម្រុះ៣២នាក់ជុះទី១ ហើយបានកក់កៅអី សម្រាប់បន្តជុំទី២វគ្គ១៦នាក់ ក្នុងកម្មវិធីប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៥៧គីឡូក្រាម កាលពីយប់ថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសង្វៀន TV5 ព្រែកកំពឹស ។

យុគ យក្សផ្លែ គេវាយឈ្នះអ្នកប្រដាល់ កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ក្នុងទឹកទី២។ ដោយកំពែង ខ្មៅ សន្លប់ក្រោមស្នៀតកណ្តាប់ដៃរបស់ យុគ យក្សផ្លែ បានវាយចំចុងដង្ហើមដូច្នេះ យុគ យក្សផ្លែ ត្រូវបន្តការប្រកួតនៅជុំទី២ទៀត ។

ដោយឡែកកីឡាករ នីម នន បានវាយយកឈ្នះម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេម វ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ក្នុងទឹកទី២ដែរ។ ការប្រកួតជម្រុះដំណាក់កាលទី១នេះ វ៉ាន់ វឿន វាយចាញ់ នីម នន ដោយអាជ្ញាកណ្តាលរាប់៨ពីរលើកក្នុងទឹកទី១ និង ទឹកទី២ វ៉ាន់ វឿន ក៏ត្រូវ នីម នន ទាត់ជើងក្រោមដួលងើបលែងរួចតែម្តង។ ដូច្នេះ នីម នន ត្រូវបន្តការប្រកួតនៅជុំទី២ជាមួយយុគ យក្សផ្លែ ។ ចំពោះការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ កីឡាករ ចាន់ សំអាត បានយកឈ្នះអ្នកប្រដាល់ប្រផុតប្រផើយ ៕

Loading...