យុវជន៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនរួមជាមួយវត្ថុតាងសាលាដំបូងខេត្តបាត់ដំបង

(បាត់ដំបង) ៖ យុវជន០៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនរួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបងខណ:ដែល បក្ខពួក៤នាក់ផ្សេងទៀតរត់គេចខ្លួនអស់។

ការបញ្ជូនខ្លួនយុវជនទាំង៤នាក់ ទៅសាលាដំបូងខេត្តបាត់ដំបងខាងលើ ពាក់ព័ន្ធនិងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ម្សិលមិញ ។

ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
លោកវរសេនីយ៍ទោ ឈឿង គឹមសុងបានអោយដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ រួមមាន ៖
ទី១-ឈ្មោះ លឿប ភៀន ភេទប្រុស អាយុ ២៣ ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ( ជាអ្នកកាន់កាំបិតកាប់ )ទី២- ឈ្មោះ លឿន សាវីន ភេទប្រុស អាយុ ១៩ឆ្នាំមានទីលំនៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ( ជាអ្នកកាន់កាំបិតកាប់ ) ទី៣- ឈ្មោះ វ័ន វណ្ណៈ ហៅ គួយ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ( ជាអ្នកបើកម៉ូតូ )ទី៤- ឈ្មោះ រួម វុធ ហៅ វឹម ភេទប្រុស អាយុ ១៦ ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ( ជាអ្នកបើកម៉ូតូ )និង បក្ខពួក៤នាក់ ផ្សេងទៀតកំពុងរត់គេចខ្លួន ។

លោកបន្តថា ជនសង្ស័យទាំង៤នាក់នេះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង ០៣និង០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចសួនច្បារ សម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅហ្នឹងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស រួមជាមួយវត្ថុតាង កាំបិតកែច្នៃចំនួន០៤ ដើម និងមធ្យោបាយ ធ្វើម៉ូតូចំនួន០២គ្រឿងផងដែរ។

ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកចំនួន០៤នាក់ដែលរត់គេចខ្លួនត្រូវសមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនផងដែរ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ផ្តើមចេញពីគំនុំ ក្រុមជនសង្ស័យចំនួន០៨នាក់ បានជិះម៉ូតូចំនួន ០៤គ្រឿងប្រដាប់ដោយកាំបិតកែច្នៃ០៤ដើម បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ឃុន ប៉ូឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឲ្យរងរបួស មុតរយះខ្នងនិងគូទជាច្រើនកន្លែង ។

ក្រោយពីធ្វើសកម្មភាពជនសង្ស័យទាំង០៨បានរត់គេចខ្លួន តែភ្លាមៗនោះត្រូវបានជនរងគ្រោះប្តឹងទៅដល់សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ៕

Loading...