យុវជន​ម្នាក់​ត្រូវ​បាន​គេ​ស្រង់​ចេញពី​ក្នុង​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​យក​មក​កប់​ដីខ្សាច់​ដោយ​គេ​មាន​ជំនឿ​ថា​អាច​ជួយ​ស្រោចស្រង់​ជីវិត​បាន​

​ខេត្តស្ទឹងត្រែង​ ៖​ ក្រុម​គ្រួសារ​សាច់​សារ​លោហិត​ របស់​យុវជន​ម្នាក់​ដែល​រង​គ្រោះ​ដោយសារ​ខ្សែភ្លើង​ឆក់​ នៅ​ក្នុង​មាន​ត់​កំពង់ទឹក​ ក្នុង​ដង​ទន្លេមេគង្គ​នោះ​ បាន​នាំ​គ្នា​ចុះ​ស្រង់​យុវជន​ដែល​រង​ការ​ឆក់​ខ្សែភ្លើង​នោះ​ មក​កប់​នឹង​ដីខ្សាច់​ត្រឹម​ក​ ព្រោះ​ដ្បិត​គេ​មាន​ជំនឿ​ថា​ ការ​ធ្វើ​តាម​វិធី​បុរាណ​នេះ​អាច​ជួយ​សង្គ្រោះ​ជីវិត​យុវជន​នោះ​ ឲ្យ​រស់​វិញ​បាន​ ប៉ុន្តែ​ ជា​អកុសល​ ជន​រង​គ្រោះ​បាន​រលត់​សង្ខា​ទៅ​ហើយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នោះ​ បាន​កើតឡើង​នៅ​មាត់​កំពង់ទឹក​ ក្នុង​ដង​ទន្លេមេគង្គ​ កាលពី​ថ្ងៃ​៣១​មិ​នា​ម្សិលមិញ​ នៅ​ភូមិ​កាំ​ង​មេម៉ាយ​ សង្កាត់​ព្រះបាទ​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​។​

​យុវជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​គ្រួសារ​ យក​មក​កប់​ដីខ្សាច់​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​នោះ​ ត្រូវ​គេ​ឲ្យ​ដឹង​ថា​ មានឈ្មោះ​ឃិ​ន​ ចំរើន​ អាយុ​២២​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ​ ក្នុងភូមិ​ឃុំ​ខាងលើ​។​ គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ផ្តើម​ឲ្យ​មានការ​ឆក់​ខ្សែភ្លើង​ រហូត​ដល់​ស្លាប់​នេះ​ ពី​ដំបូង​យុវជន​នេះ​បាន​យក​ម៉ូ​ទ័​រ​បូមទឹក​មួយ​ ទៅ​ឲ្យ​ជាង​ជួសជុល​ និង​បាន​យក​មក​ផ្ទះ​វិញ​ នៅ​បន្ទាប់​ពី​ត្រូវ​បាន​ជួសជុល​រួច​ ។​

​គ្រួសារ​សព​បាន​រៀបរាប់​បន្ត​ទៀត​ថា​ នៅ​គ្រានោះ​យុវជន​រង​គ្រោះ​បាន​យក​ចានដែក​មួយ​មក​ដាក់​ទឹក​ ហើយ​យក​ម៉ូ​ទ័​រ​នោះ​មក​បូមទឹក​សាកមើល​ តែ​ដោយ​ទឹក​តិច​ពេក​ ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​នោះ​ ទៅ​ដាក់​នៅ​ក្នុង​ទឹកទន្លេ​ មាត់កំពង់​មុខ​ផ្ទះ​ ដើម្បី​ចង​ដឹង​ថា​តើ​ម៉ូ​ទ័​រ​នោះ​អាច​បូមទឹក​បាន​វិញ​ដែរ​ឬ​យ៉ាងណា​?​ ពេល​នោះ​យុវជន​នោះ​នៅ​មិន​ទាន់​បាន​ឡើង​ចេញពី​ក្នុង​ទឹកទន្លេ​មក​លើគោក​ផង​ គេ​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ផ្ទះ​ដោត​ខ្សែភ្លើង​ ពេល​ដោត​ភ្លាម​ភ្លើង​ក៏​បាន​ឆក់​នៅ​ពេល​នោះ​តែ​ម្តង​ទៅ​ ។​

​ក្រុម​គ្រួសារ​សព​បាន​ប្រាប់​ទៀត​ថា​ នៅ​ក្រោយ​ការ​ឆក់​រួច​ ឪពុក​ម្តាយ​ ក្រុម​សាច់ញ្ញាតិ​ និង​អ្នក​ភូមិ​ បាន​នាំ​យក​យុវជន​រង​គ្រោះ​ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ ប៉​ន្តែ​ ពេល​ទៅ​ដល់​ គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​ ចេញ​មក​ទទួលយក​ទៅ​សង្គ្រោះ​នោះ​ទេ​ ហើយ​ក្រុម​គ្រូពេទ្យ​ខេត្ត​នេះ​ បាន​ប្រាប់​ទៅ​គ្រួសារ​ជន​រង​គ្រោះ​ថា​ ពួក​គេ​ជាប់​ប្រជុំ​អស់ហើយ​ ។​

​ដោយ​អស់​ក្តី​សង្ឃឹម​នឹង​ការ​រស់​របស់​យុវជន​នេះ​ មិន​បង្អស់​យូរ​ ពួក​គេ​ក៏​បាន​នាំ​យក​ជន​រង​គ្រោះ​ចាក​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ នាំ​មក​កាន់​លំនៅ​ដ្ឋា​ន​នៅ​ឯ​ស្រុកភូមិ​វិញ​ ហើយ​ជម្រើស​ចុង​ក្រោយ​ដែល​នឹក​សង្ឃឹមថា​ អាច​ជួយ​ស្រោចស្រង់​ជីវិត​បាន​ ទាំង​ក្រុម​គ្រួសារ​ និង​អ្នក​ភូមិ​ បាន​សំរេច​យក​ជន​រង​គ្រោះ​ ទៅ​កប់​នឹង​ដីខ្សាច់​ត្រឹម​ក​ ព្រោះ​គេ​មាន​ជំនឿ​ថា​ ធាតុដី​អាច​ជួយ​ស្រូប​យក​ឥទ្ធិពល​ចរន្តអគ្គិសនី​ ពី​ក្នុង​ខ្លួន​មនុស្ស​បាន​ តែបើ​ទោះបី​ខំប្រឹង​រក​វិធី​សង្គ្រោះ​យ៉ាងណា​ក៏​ដោយ​ ក៏​អំណាច​ នៃ​ចរន្តអគ្គិសនី​ បាន​ស្រូប​យក​ជីវិត​យុវជន​នេះ​ មិន​ឲ្យ​វិល​ត្រឡប់​ថយក្រោយ​វិញ​បាន​ឡើយ​។​

​ប្រជាពលរដ្ឋ​ និង​ក្រុម​គ្រួសារ​សព​ បាន​សម្តែង​ការ​សោកស្តាយ​បំផុត​ ចំពោះ​អាកប្បកិរិយា​ មិន​ទទួលខុសត្រូវ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ ដោយ​យក​ការ​ប្រជុំ​ធំ​ជាង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះ​ទៅ​ទៀត​។​ ពួក​គាត់​បាន​ស្នើ​ទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ មេត្តា​ពិនិត្យ​មើល​ភាព​ខ្ជីខ្ជារ​ និង​គ្មាន​ភាព​ម្ចាស់​ការ​ លើ​ការ​ទទួល​អ្នកជម្ងឺរ​មក​ព្យាបាល​ របស់​ប្រធាន​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​នេះ​ផង​ ៕​ បក្សី​ជាយ​ដែន​

006 copy copy

005 copy copy

004 copy copy

003 copy copy

002 copy copy

001 copy copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *