ខេត្តរតនគិរី ៖ កាលពីថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ មានអាខោនហ្វេសប៊ុកមួយឈ្មោះ តែម វិរះបានបង្ហោះថា សូមបងប្អូនញាតិមិត្តជិតឆ្ងាយត្រូវជាបងប្អូននិងគាត់ឈ្មោះ កាហុក ណយ ភេទប្រុស អាយុ៣៥ឆ្នាំ បានស្លាប់នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ សពដម្កល់ស្ថិតនៅត្រពាំងហន់នល ជាប់ផ្លូវទៅស្រែចោង ភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី សូមមេត្តាមកចូលរួមជីករណ្ដៅធ្វើផ្ទះបញ្ចុះកប់សពគាត់ទាំងអស់គ្នាផងបាទ សូមអរគុណដល់អ្នកដែលបានឃើញដំណឹងសកម្មភាពនេះនឹងអ្នកបានចូលរួម បើមានចម្ងល់អ្វីសូមទាក់ទងមកលេខខ្ញុំបាទ 097.4801000។
ការស្លាប់យុវជនម្នាក់នេះអាខោនហ្វេសប៊ុកឈ្មោះ តែម វិរះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើគាត់ស្លាប់មូលហេតុអ្វីនោះទេ។
តាមប្រភពពីប្រជាពលរដ្ឋនៅឃុំតឺនសូមមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២២ ខែមីនានេះ ថា ជនរងគ្រោះឈ្មោះ កាហុក ណយ បានទៅកាប់ចម្ការរបស់ខ្លួនតែម្នាក់ឯង ប្រពន្ធមិនបានទៅជាមួយទេ នៅរើសគ្រាប់ស្វាយចន្ទី ពេលនោះជនរងគ្រោះបានរលំដើមឈើស្រាប់តែចុងឈើទាក់និងវល័របណ្តាលឲ្យគល់ឈើវ៉ៃជនរងគ្រោះផ្ទប់និងដីស្លាប់។
ប្រភពបានឲ្យដឹងទៀតថា សាច់ញាតិឃើញបាត់ជនរងគ្រោះជាច្រើនម៉ោងក៏នាំគ្នាដើររកនៅចម្ការក៏ប្រទះឃើញសពដេកដួលនៅកន្លែងកើតហេតុនោះ។
ក្រោយពេលកើតហេតុរួច គេបានឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ឃុំតឺននិងកម្លាំងអធិការស្រុកកូនមុំចុះមកធ្វើកំណត់ហេតុជនរងគ្រោះនិងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕