យុវតីអាយុ១៣ឆ្នាំចងកសម្លាប់ខ្លួន ក្រោយគេសួរនាំរឿងបាត់លុយ១០ម៉ឺនរៀល

ខេត្តកំពង់ស្ពឺ៖ យុវតីម្នាក់បានចងកសម្លាប់ខ្លួននៅនឹងធ្នឹមផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់ បន្ទាប់ពីមានគេមកសួរនាំរឿងបាត់លុយ១០ម៉ឺនរៀល ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវតីរងគ្រោះ អាយុ១៣ឆ្នាំប៉ុណ្ណោះ ឈ្មោះ ទឹម សុនិតា ទីលំនៅភូមិ ឃុំ ស្រុកកើតហេតុ​បានយកខ្សែអង្រឹង និងកៅអីជរ័ជាន់ឡើងដើម្បីធ្វើសកម្មភាពចងក ភ្ជាប់ទៅនឹងធ្នឹមផ្ទះរបស់ខ្លួនរហូតបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ ដោយពុំមាននរណាម្នាក់ឃើញទាន់ ហើយជួយអន្តរាគមន៍ទាន់ពេលវេលាឡើយ ។

ប្រភពដដែលបញ្ជាក់អំពីមូលហេតុថា នៅម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ជនរងគ្រោះបាននាំប្អូនជិះកង់ដើរលេងក្នុងភូមិ ហើយក៏ត្រឡប់មកផ្ទះវិញ មកដល់ផ្ទះជីដូន ឈ្មោះ សួង កាន មួយសន្ទុះ ស្រាប់តែមានឈ្មោះ ប្រាក់ សម្ភស្ស ភេទស្រី អាយុ៤០ឆ្នាំ មកសួរជនរងគ្រោះថា មានឃើញលុយបាត់ចំនួន១០ម៉ឺនរៀលទេ ពេលនោះ ជនរងគ្រោះឆ្លើយថា អត់ដឹងទេ ហើយឈ្មោះ ប្រាក់ សម្ភស្សនេះ បានឆែកឆេរលើខ្លួនជនរងគ្រោះ តែរកលុយនោះមិនឃើញទេ រួចហើយឈ្មោះ ប្រាក់ សម្ភស្ស ក៏ត្រឡប់ទៅវិញ ។

ប្រភពបន្តថា ក្រោយមក ជីដូនឈ្មោះសួង កាន បានប្រើជនរងគ្រោះឲ្យទៅដាំបាយនៅឯផ្ទះរបស់ជនរងគ្រោះ ព្រោះម្តាយជិតចេញពីធ្វើការហើយ ពេលនោះជនរងគ្រោះក៏បានដើរទៅឡើងលើផ្ទះបាត់រហូត ។ ដោយមានការសង្ស័យ ព្រោះបាត់ចៅយូរពេក ជីដូនក៏ឡើងផ្ទះ តាមទៅមើល ស្រាប់តែឃើញចៅរបស់គាត់ចងកស្លាប់បាត់ទៅហើយ ។ ដោយមិនអស់ចិត្ត បងប្អូនសាច់ញាតិបានហៅរថយន្តពេទ្យមណ្ឌលសុខភាពវាល មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែនៅពេលរថយន្តពេទ្យមកដល់ ក្រុមគ្រូពេទ្យបានពិនិត្យមើលទើបដឹងថា ជនរងគ្រោះបានស្លាប់ហើយ។

ទាក់ទងករណីនេះផងដែរ សមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ រកពុំឃើញមានស្លាកស្នាមអ្វីដែលកំណត់សម្គាល់ថា ករណីឃាត់កម្មនោះឡើយ ហើយប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

Loading...