យួនខឹងខ្មែរមិនបើកច្រកជីកផ្លូវកាត់ផ្តាច់ការធ្វើដំណើរនៅច្រកចំនួន៤នៅខេត្តរតនគីរី

ភ្នំពេញ៖ ភាគីយួនបានជីកផ្លូវកាត់ផ្តាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ស្ថិតនៅភូមិសាស្ត្រស្រុកអណ្តូងមាស ខេត្តរតនគីរី ដោយមូលហេតុខឹងភាគីខ្មែរមិនយល់ ព្រមតាមសំណើសុំបើកច្រកផ្លូវការ។ នេះបើយោងតាម របាយការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ ២០១៨ ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំកាលពី ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅ អគ្គស្នងការនគរបាល ជាតិ ក្រោមអធិបតីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

របាយការណ៍បានបង្ហាញថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧កងទ័ពការពារព្រំដែនយួនប៉ុស្តិ៍លេខ៧០៣ របស់ខេត្តកន្ទូម យួន បានធ្វើរបងបិទផ្លូវ ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង ១៩/៥។ ការបិទនេះបានធ្វើឲ្យប៉ះពាល់ដល់ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរការពារព្រំដែនលេខ២០៣ខ្មែរ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម យួន។ហើយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តរតនគិរីខ្មែរ និងខេត្តកន្ទូមយួន បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន៤កន្លែង ស្ថិតនៅម្តុំបង្គោលលេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នាតែ១ចំណុចគឺ ត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ រីឯ៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាពដោយសារតែចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅពុំមានពលរដ្ឋខ្មែររស់នៅ និងឆ្លងកាត់ចេញចូលឡើយ។

របាយការណ៍បន្តថា នេះជាលើកទី២ហើយ ដែលកងទ័ពការពារព្រំដែន ខេត្តកន្ទូម យួន បានបិទផ្លូវធ្វើដំណើរចេញចូលព្រំដែន បន្ទាប់ពីសកម្មភាពលើកទី១ បានជីកផ្តាច់ផ្លូវត្រង់បង្គោលព្រំដែនលេខ៤/២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

របាយការណ៍ដដែលបានបន្តទៀតថា កងកម្លាំងនគរបាលបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះចូលរួមប្រជុំជាមួយភាគីមិត្ត ២៦លើក ក្នុងនោះខ្មែរ ថៃ ចំនួន១៨លើក និងខ្មែរ យួន ចំនួន៨លើក ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហការល្អជាមួយគ្នា ក្នុងការរក្សាសន្តិសុខ និងទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន និងការពារក្រុមគណៈកម្មការចម្រុះវាសវែងខណ្ឌសីមាព្រំដែនខ្មែរ ថៃ សិក្សាស្រាវជ្រាវរកុករកទីតាំងបង្គោលព្រំដែនលេខ១ ស្ថិតក្នុងភូមិសាស្ត្រភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនិងបានការពារគណៈកម្មការចម្រុះវាសវែងខណ្ឌសីមាព្រំដែនខ្មែរ យួន ក្នុងការកសាងសង់បង្គោលបំពេញបន្ថែមប្រភេទបេតុងចំនួន៣១បង្គោលនិងបង្គោលតម្រុយចំនួន៨៣បង្គោល។

ទាក់ទងភាគីយួនជីកផ្លូវកាត់ផ្តាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ស្ថិតនៅភូមិសាស្ត្រស្រុកអណ្តូងមាស ខេត្តរតនគីរី ត្រូវបានលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីចប់កិច្ចប្រជុំថា ចំពោះបញ្ហានេះ ភាគីទាំងពីរកំពុងតែសម្រួលដោះស្រាយ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តរតនគីរី និងអភិបាលខេត្តរតនគីរី កំពុងតែដោះស្រាយ។ ប៉ុន្តែមិនមានបញ្ហាប្រឈមធំដុំនោះទេ គឺគ្រាន់តែការយល់គ្នាមិនបាន៕

 

Loading...