យ៊ីឌុបប្រណីត៥ភ្លៅដឹកឈើក្រឡាប់នៅស្រុកស្នួល មេព្រៃកំពុងឆ្លើយដាក់គ្នា

ខេត្តក្រចេះ ៖ រថយន្តយីឌុបដឹកឈើប្រណីតប្រភេទ៥ភ្លៅមួយគ្រឿង ក្នុងចំណោម៥គ្រឿង បានក្រឡាប់ផ្ញាជើងកាលពីវេលាម៉ោង១០យប់មិញ នៅចំណុចអូរខ្យង ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខណៈរថយន្តនោះប្រុងដឹកឈើប្រណីតចេញទៅកាន់ប្រទេសវៀតណាម។

តាមអាជ្ញាធរនិយាយថា រថយន្តយីឌុបនោះ ដឹកឈើប្រណីតប្រភេទសុក្រមលេខ១ពេញរថយន្តតែម្តង ដោយដឹកចេញពីក្រុមហ៊ុនឈ្មោះ ប៊ិញហឿក បំណងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់ស្រុកស្នួល និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចំពោះករណីរថយន្តដឹកឈើនេះ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឆ្លូងស្នួលបានទេ ដោយទូរស័ព្ទចូលហើយលោកចុចបិត។ ចំណែកលោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលបានមានប្រសាសន៍ថា លោកបានដឹងរឿងនេះដែរ តែមិនស្ថិតក្នុងដែនសមត្ថកិច្ចលោកទេ ព្រោះទីនោះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់សង្កាត់រដ្ឋបាលព្រៃឈើខ្សឹម។

លោក គង់ សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ខ្សឹម បានមានប្រសាសន៍ថា ករណីនេះ លោកមិនទាន់ដឹងនៅឡើយទេ ហើយថា ចាំលោកឲ្យកូនចៅទៅពិនិត្យមើលសិន។

ទោះជាយ៉ាងណាក៏ដោយ បើតាមមន្ត្រីយោធាប្រចាំវរៈការពារព្រំដែន២០៤ ចំណុចK3 ក្នុងស្រុកស្នួលបានឲ្យដឹងថា នៅទូទាំងខេត្តក្រចេះ ពុំមានអ្នកណាម្នាក់ហ៊ានដឹកឈើនោះទេ គឺមានតែមន្ត្រីដ៏មានឥទ្ធិពលម្នាក់នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះប៉ុណ្ណោះដែលហ៊ានដឹក ដោយគេមានរថយន្តយ៊ីឌុបរហូតទៅដល់៦គ្រឿង រង់ចាំដឹកឈើប្រណីត ហើយក៏មានតែមន្ត្រីម្នាក់ហ្នឹងដែរ ដែលមានឥទ្ធិពលក្នុងការអនុញ្ញាតឲ្យឈើប្រណីតចរាចរ និងដឹកចេញទៅប្រទេសវៀតណាមបាន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *