រកឃើញគំនរឈើដែលឈ្មួញលាក់ទុកក្នុងក្រុមហ៊ុនដាំដំឡូងនៅស្រុកឪរ៉ាល់

កំពង់ស្ពឺ: ឈើដុលជាច្រើនដុំត្រូវបានរកឃើញហើយឈានដល់ជំនាញចុះធ្វើការប្រមូលយកមករក្សាទុកជាសម្បត្តិរដ្ឋបន្ទាប់ពីឈ្មួញខកខានមិនបានដឹកចេញពីចំការដំឡូងមីរបស់ក្រុមហ៊ុនអេចអិលអេចនៅស្រុកឱរ៉ាល់។ការខកខានមិនបានដឹកឈើចេញពីក្រុមហ៊ុនអេចអិលអេចត្រូវបានប្រភពបង្ហើបថាដោយសារតែការចរចាបង់លុយទៅអោយអស់លោកចាងហ្វាង tv អនឡាញមួយចំនួនមិនត្រូវគ្នាជាពិសេសនោះគឺក្រុមអង្គការក្រៅរដ្ឋាភិបាលមួយក្រុមដែលមិនទាន់បានទទួលសំណែនពីក្រុមឈ្មួញជាម្ចាស់ឈើ។

ការរកឃើញគំនរឈើក្នុងក្រុមហ៊ុនដាំដំឡូងមីអេចអិលអេចនេះធ្វើឡើងនាព្រឹកថ្ងៃទី 13 ខែកក្កដាឆ្នាំ 2020 នៅចំណុចក្រុមហ៊ុនស្ថិតក្នុងឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានពីបណ្ដាញថាមានក្រុមឈ្មួញបានយកឈើមកលាក់ទុកនៅក្នុងក្រុមហ៊ុនរួចមកក៏បានធ្វើការស្នើសុំទៅខាងកសិកម្មដើម្បីចុះស្រាវជ្រាវនិងពិនិត្យមើល។ក្រោយពីចុះដល់ទីតាំងរួចមកមន្ត្រីបានរកឃើញឈើជាច្រើនដុំដែលមានមុខកាត់ធំៗលាក់ទុកដូចសេចក្តីរាយការណ៍ពិតប្រាកដមែន។បន្ទាប់ពីរកឃើញហើយក៏បានសុំគោលការណ៍របស់ថ្នាក់លើប្រមូលរួចយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបនិងត្រពាំងជោរ បំពេញបែបបទដើម្បីដកហូតជាសម្បត្តិរដ្ឋ។

ដោយឡែកតាមការបង្ហើបពីសំណាក់មន្ត្រីកងរាជអាវុធហត្ថស្រុកឱរ៉ាល់បានឲ្យដឹងថាឈើទាំងអស់មានពាក់ព័ន្ធនឹងឈ្មោះតុង  ឈ្មោះសឿងឈ្មោះធីជាមន្ត្រីនគរបាលនិងឈ្មួញជាច្រើននាក់ទៀតចូលហ៊ុនគ្នាទិញពីខេត្តពោធិ៍សាត់ដឹកយកមកទុកនៅក្នុងក្រុមហ៊ុនដាំដំឡូងមីនេះអ្វីដែលជាការកត់សម្គាល់គឺការចរាចរណ៍ឈើចេញពីខេត្តពោធិ៍សាត់យកមកលាក់ទុកក្នុងចំការដំឡូងមីក្រុមហ៊ុនបានត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីបរិស្ថានមួយកន្លែងដែលឈរជើងនៅជិតចំណុចអូរត្រាវ។ប្រភពបន្តថាគ្មាននរណាម្នាក់អាចបញ្ជាក់បានទេអំពីការបង់លុយទៅឲ្យក្រុមមន្ត្រីបរិស្ថានតែបើគ្មានការបង់លុយឱ្យទេ ឈើទាំងអស់នេះក៏មិនអាចចរាចរណ៍ឆ្លងកាត់ពីខេត្តពោធិ៍សាត់យកមកលាក់ទុកនៅទីនេះបានដែរ។ប្រភពដដែលបានបន្តថាការពិតឈើទាំងអស់នេះត្រូវបានក្រុមឈ្មួញប្រុងយកឡានចូលមកលើកដែរតែដោយការចរចាបង់លុយមិនត្រូវរ៉ូវគ្នាជាមួយអស់លោកចាងហ្វាងការផ្សាយ tv online  មួយចំនួនជាពិសេសគឺអង្គការក្រៅរដ្ឋាភិបាលដ៏មានឥទ្ធិពលមួយមិនទាន់បានទទួលលាភសក្ការៈ(ទារអោយឈ្មួញបង់លុយមុន)ពីក្រុមឈ្មួញទើបក្រុមឈ្មួញមិនហ៊ានដឹកចេញ ហើយក៏ត្រូវបានក្រុមមេព្រៃរកឃើញឈានដល់ការបង្ក្រាបតែម្ដង។

សូមបញ្ជាក់ថានៅចំណុចឃុំត្រពាំងជោរមានសមត្ថកិច្ចដែលមានតួនាទីភារកិច្ចជាច្រើនរូបឈរជើងនៅទីនោះ(ក្នុងក្រុមហ៊ុន)ក្នុងការបង្ក្រាបបទល្មើសព្រៃឈើពពាក់ពពូនគ្នាតែគេមិនដែលឃើញអស់លោកទាំងនោះបង្ក្រាបការចរាចរណ៍ឈើរបស់ក្រុមឈ្មួញបានម្ដងណាឡើយឃើញតែដើរផឹកស៊ីជាមួយក្រុមឈ្មួញគ្រប់ពេលវេលា។ក្រុមសមត្ថកិច្ចទាំងនោះពេលខ្លះត្រូវបានក្រុមអ្នករកស៊ីរអ៊ូរទាំថាធ្វើការគៀបសង្កត់យកលុយមិនត្រាប្រណីនៅពេលដែលពួកគាត់ដឹកឈើម្តងៗ៕

Loading...