រកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ស្រុកមេមត់ និងស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សាខា ខេត្តត្បូងឃ្មុំ បានចុះអង្កេត និងយកគំរូផលិតផលអាល់កុលពីអ្នកលក់រាយ និងអ្នកប្រើប្រាស់ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក បានចំនួន ១១គំរូ ដើម្បីយកមកធ្វើតេស្តគុណភាព។

ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងរឹបអូសអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន​ ៦៣០​ លីត្រ​ មករក្សាទុកដេីម្បីអនុវត្តនីតិវិធីបន្ត។

ជាមួយគ្នានេះ​ នៅថ្ងៃទី២៨ ខែមេសានេះដែរ មន្ត្រីសាខាក.ប.ប. ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យគុណភាពទំនិញ ដែលជាគ្រឿងឧបភោគ បរិភោគ នៅទីតាំងឃ្លាំងស្តុកស្បៀងរបស់សាលាខេត្តព្រះសីហនុ។ គ្រឿងឧបភោគ បរិភោគ ដែលរួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធទាំងនោះ គឺជាអំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាល ដែលផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្មសម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ក្នុងកំឡុងពេលដែលរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តនូវវិធានការបិទខ្ទប់។

ការត្រួតពិនិត្យនេះ សំដៅធានាថាគ្រឿងឧបភោគ បរិភោគទាំងនោះមានគុណភាព និងសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕

Loading...