រកឃើញអ្នកពាក់ព័ន្ធ និងដាក់ចត្តាឡីស័ក មនុស្ស ១៩នាក់ ពាក់ព័ន្ធនឹងស្ត្រី មានវិជ្ជមានជំងឺកូវីដ-១៩ នៅសៀមរាប

ខេត្តសៀមរាប៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តសៀមរាប និងអង្គភាពមន្ទីរព័ត៌មានខេត្តបាន អោយដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តសៀមរាប បានរកឃើញអ្នកពាក់ព័ន្ធចំនួន ១៩នាក់ ដែលបានជិះរថយន្តក្រុង ជាមួយស្ត្រីវ័យ ៤៦ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយ។

សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់លំនៅដ្ឋានអ្នកពាក់ព័ន្ធទាំង១៩នាក់នោះ និងបានណែនាំដល់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ និងត្រៀមបន្តយកសំណាកមកធ្វើតេស្តរកជំងឺ-១៩ នៅព្រឹកថ្ងៃទី១០ ខែមេសានេះ។

គួរជម្រាបថា តាមចុះផ្សាយរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ត្រីឈ្មោះ

ចាប នី វ័យ៤៦ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ថ្មី នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។ ស្ត្រីរូបនេះ បានចាកចេញ ពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ តាមរយៈរថយន្តក្រុង ស្លាកលេខ 3D-9211 រួមនិងអ្នកដំណើរ១៩នាក់ផ្សេងទៀត។ ជាមួយនោះ រដ្ឋបាលខេត្ត បានសម្រេចចាត់វិធានការបិទទីតាំងមួយចំនួនក្នុងក្រុង រួមមាន៖ ផ្សារភូមិភាគ៤ ស្ថិតភូមិខ្វៀន សង្កាត់គោកចក មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួន ដែលនឹងជូនដំណឹងនាពេលបន្ទាប់៕

Loading...