កំពង់ចាម: អាជ្ញាធរខេត្តកំពង់ចាម បានស្រាវជ្រាវ រកឃើញមនុស្ស ប្រមាណ ៨០ នាក់ បានជាប់ពាក់ព័ន្ធ ប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ ១៩ ដែលបង្ខំឱ្យអាជ្ញាធរខេត្ត មួយនេះ សម្រេចបិទផ្អាកជាបណ្តោះអាសន្ន នូវទីតាំងដែល មានហានិភ័យ ចំនួន ១៣ កន្លែង និងបានបាញ់ថ្នាំ សម្លាប់មេរោគ ចាប់ពីថ្ងៃទី ២៨ មីនា តទៅ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ដែលមានកម្រាស់ បួន ទំព័រ កាលពីថ្ងៃទី ២៨ មីនា បានបញ្ជាក់ថាៈ ក្នុងនោះពាក់ព័ន្ធនឹងស្ត្រីអាយុ ៤៥ ឆ្នាំម្នាក់ មានវិជ្ជមានកូវីដ ១៩ រស់នៅភូមិសង្កើប ឃុំសម្បូរ ស្រុកបាធាយ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ថ្ងៃទី ២៨ មីនា គឺមានអ្នកប៉ះពាល់ ផ្ទាល់ បឋមចំនួន ៦នាក់ និងប្រយោលចំនួន ៣៤នាក់។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថាៈ ដោយឡែក ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារ របស់មន្ត្រីនគរបាល ខេត្តត្បូងឃ្មុំម្នាក់ មានផ្ទុកជំងឺកូវីដ ១៩ ចំនួន បួន នាក់ កំពុងព្យាបាល នៅមន្ទីរពេទ្យខេត្តនេះដែរ នៅថ្ងៃទី ២៨ មីនា គឺមានអ្នកប៉ះពាល់ផ្ទាល់ បឋមចំនួន ២០នាក់។
ប្រភពព័ត៌មានដដែល បានបន្ថែមថាៈ ចំណែកអ្នកជាប់ពាក់ព័ន្ធនឹងបុរស អាយុ ៧៤ ឆ្នាំ ដែលមានទីលំនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលមានផ្ទុកជំងឺកូវីដ ១៩ បានចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ មីនា គឺមានការប៉ះពាល់ផ្ទាល់ បឋមចំនួន បួន នាក់ និងប្រយោលចំនួន ១៦នាក់។
ប្រភពនោះ បានបន្តថាៈ ជាមួយនោះ អាជ្ញាធរខេត្ត បានចាត់វិធានការបន្ទាន់ គឺប្រមូលយក សំណាក ពីអ្នកប៉ះពាល់ផ្ទាល់ និងបានបញ្ជួន មកធ្វើចត្តាឡីស័ក របស់រដ្ឋបាលខេត្ត រួចរាល់ហើយ។ រីឯអ្នកប៉ះពាល់ប្រយោល ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន និងបានសម្រេច ផ្អាកជាបណ្តោះអាសន្ន នូវទីតាំងដែលមានហានិភ័យខ្ពស់ ចំនួន ១៣ កន្លែង គឺនៅក្រុងកំពង់ចាម ចំនួន ១២ កន្លែង និងនៅមណ្ឌលសុខភាព ឃុំខ្ពបតាងួន ចំនួនមួយ កន្លែងទៀត។
ស្ថិតក្នុងស្ថានភាពបន្ទាន់នោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណ:កម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅរសៀលថ្ងៃទី ២៨ មីនា ដដែលនោះដែរ បានដឹកនាំផ្ទាល់ ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទីតាំងដែលមានហានិភ័យជំងឺកូវីដ ១៩ និងបានបិទផ្អាក ជាបណ្តោះអាសន្ន ទាំងនោះ៕