រញ្ជួយដីនៅ ប៉ាពួញូហ្គីណេ កម្រិត៧.៥រ៉ិចទ័រ កាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង, បាក់ដី

សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងតិចក្រុមហ៊ុនមួយបានជម្លៀសបុគ្គលិក ក្រោយរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ វាយប្រហារនៅ ប៉ាពួញូហ្គីណេ តំបន់សម្បូរប្រេងឧស្មន កាលពីថ្ងៃទី២៦ ខែកុម្ភៈ បង្កឲ្យបាក់ដី, រលំអគារ និងបិទដំណើរការក្រុមហ៊ុនប្រេង និងឧស្ម័នថែមទៀតផង។

ក្រុមភូមិសាស្ត្រអាមេរិក USGS អះអាងថា ការរញ្ជូយដីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរំលងអធ្រាត្រ ម៉ោងនៅក្នុងតំបន់ ដោយមានកម្រិតរំញ័រយ៉ាងខ្លាំងនៅកណ្តាលព្រៃក្រាស់ តំបន់ខ្ពស់រាបភាគខាងត្បូង ចម្ងាយប្រហែល៥៦០គីឡូម៉ែត្រភាគពាយព្យ នៃទីក្រុង Port Moresby ។

ថ្លែងតាមទូរស័ព្ទ អ្នកនាំពាក្យអង្គភាពមហន្តរាយជាតិរបស់ប៉ាពួញូហ្គីណេ ឲ្យដឹងថា ទីតាំងរងផលប៉ះពាលដោយការរញ្ជួយដីនេះស្ថិតនៅតំបន់ដាច់ស្រយាល ។ ភ្នាក់ងារសង្គ្រោះមិនទាន់អាចកំណត់ដឹងបានថាមានការខូចខាតយ៉ាងម៉េចនៅឡើយទេ រហូតដល់ប្រព័ន្ធទំនាក់ទំនងត្រូវបានតភ្ជាប់ឡើងវិញសិន ។

អ្នកនាំពាក្យដដែលថ្លែងថា វាហាក់ដូចជាមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កាកបាទក្រហមអន្តរជាតិប្រចាំនៅប៉ាពួញូហ្គីណេនិយាយថា របាយការណ៍ខ្លះលើកឡើងថា «ខ្លាចតែមានមនុស្សស្លាប់នះទេ» ។

Udaya Regmi ប្រធានកាកបាទក្រហមអន្តរជាតិប្រចាំនៅប៉ាពួញូហ្គីណេ ឲ្យដឹងថា «វាមានសភាពធ្ងន់ធ្ងរនៅតំបន់ខ្ពង់រាបខាងត្បូងទាំងមូលតែម្តង ក៏ដូចនៅខ្ពស់រាបខាងលិចអីចឹងដែរ ។ ពលរដ្ឋពិតជាមានការភ័យខ្លាចខ្លាំងណាស់» ៕

 

 

 

Loading...