រដ្ឋបាលខណ្ឌព្រែកព្នៅ បំភ្លឺថា ពុំមានបែចិញ្ចឹមត្រី និង ផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម មកពីខេត្តកំពង់ឆ្នាំង ចូលមកតាំងទីលំនៅ ក្រោមស្ពានព្រែកព្នៅទេ

ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌព្រែកព្នៅ បានចេញមកបំភ្លឺ ក្រោយពីមានការផ្សព្វផ្សាយថា បែចិញ្ចឹមត្រីជាច្រើន និង ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម កំពុងកើតមានយ៉ាង អនាធិបតេយ្យ នៅក្រោមស្ពានព្រែកព្នៅ ។

រដ្ឋបាលខណ្ឌព្រែកព្នៅ បានបំភ្លឺជុំវិញបញ្ហានេះថា នៅព្រែកព្នៅ តាមមាត់ច្រាំងទន្លេ ចម្ងាយពីស្ពានប្រហែល១០០ម៉ែត្រ ខាងជើងឆ្ងាយពីស្ពានមាន អ្នករស់នៅតាំងពីយូរមកហើយ។ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ពុំមានបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម មកពីខេត្តកំពង់ឆ្នាំង ចូលមកតាំងទីលំនៅ ក្នុងទីតាំងនេះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទី រដ្ឋបាលខណ្ឌបានរុញចេញ ចំនួន២ទូក-បែ ហើយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងត្រួតពិនិត្យតាមដងទន្លេ ។

គួររំលឹកថា រដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះធ្វើរដ្ឋបាល និងស្រង់ស្ថិតិអ្នករស់នៅក្នុងទឹក ចំនួន២លើករួចមកហើយ។ រដ្ឋបាលខណ្ឌ គ្រប់គ្រងបាននូវចំនួនទូក ដែលរស់នៅចាស់ និងមិនឲ្យមានអ្នកចូលមករស់នៅថ្មីឡើយ។

រដ្ឋបាលខណ្ឌព្រែកព្នៅ សូមអរគុណ ចំពោះការចូលរួមសហការ ពីអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានអំពីបែចិញ្ចឹមត្រីនេះ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ កុំឱ្យមានការ ហូរចូលមកតាំងទីលំនៅថ្មី ក្នុងទីតាំងខាងលើនេះឡើយ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានដាក់បញ្ជាដាច់ណាត់ ត្រូវទប់ស្កាត់មិនឲ្យមានការចូលមកបោះទីតាំងថ្មីក្នុងមូលដ្ឋាននេះឡើយ។

ជុំវិញបញ្ហានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ថា លោកបានណែនាំអោយអាជ្ញាធរចុះទៅធ្វើការងារនេះហើយ ដោយអោយពួកគាត់រុះរើចេញពីទីតាំងសាងសង់មិនស្របច្បាប់ នេះ ហើយការងារនេះ នឹងធ្វើក្នុងពេលឆាប់ៗ ដោយពួកគាត់ ត្រូវរុះរើចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ៕

Loading...