រដ្ឋបាលខេត្ដក្រចេះ បន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនម្ត្រីរាជការទូទាំងខេត្ត

ក្រចេះៈថ្ងៃទី១ ខែមេសា ឆ្នាំ២០២១​នេះ រដ្ឋបាលខេត្ដក្រចេះ ដឹកនាំដោយផ្ទាល់ក្រោមលោក វ៉ា ថន អភិបាលខេត្តក្រចេះ សហការ​ជាមួយ​មន្ទីរ​សុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យ បន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការនៅតាមបណ្តាអង្គភាព ស្ថាប័ន ទូទាំង​ខេត្តក្រចេះ ។​

ដោយមានការចូលរួមពីបុគ្គលិក មន្ត្រីរាជការ នៅគ្រប់ស្ថាប័ន អង្គភាពនានា យ៉ាងច្រើនកុះករ ដែលឆ្លុះបញ្ចាំងអោយឃើញកាន់តែច្បាស់ពីការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល អាជ្ញាធរ​ខេត្ត ក្រុង ស្រុក ។​
មានប្រសាសន៍​ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃដដែលនោះដែរ លោក វ៉ា ថន បានឳ្យដឹងថា តាមគោលការណ៍របស់រាជរដ្ឋាភិបាលកំណត់នោះ គឺជំហានទី១ គឺចាក់វ៉ាក់សាំងស៊ីណូហ្វាមបានចំនួន ៣៥៩០នាក់ ហើយការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺចាប់ផ្ដើមចាក់នៅវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាក់ជូនសម្រាប់មន្ត្រីរាជការដែលនៅសេសសល់ ចំនួន ៦ស្រុកក្រុង ដែលមានទីតាំងចំនួន ១១ទីតាំងនិង ១២ក្រុមចាក់ ។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា វត្តមានរបស់មន្ត្រីរាជការនៅជុំវិញខេត្ត ដែលបានអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាការល្អសម្រាប់ពួកគាត់ ដែលពួកគាត់បានយល់ដឹងតាមការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាល
រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តរបស់យើង ក្នុងការការពារសុវត្ថិភាពរបស់គាត់កុំឱ្យឆ្លងនូវជំងឺ-១៩ ។ ជាមួយគ្នានោះ ក្រុមការងារ ក៏បានរៀបចំជូនពួកគាត់ឲ្យបានល្អប្រសើរទាំងកំលាតសុវត្ថិភាព និងកុំឲ្យមានភាពរញ៉េរញ៉ៃ ហើយចំពោះវ៉ាក់សាំង គឺនៅតែបន្តចាក់ជាជំហានៗបន្តទៀតរហូតទាល់តែគ្រប់ចំនួន ។

លោក បញ្ជាក់ថា ចាប់ពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមកដល់ពេលនេះ ខេត្តក្រចេះ គឺទទួលឥទ្ធិពលនៃការឆ្លងជំងឺកូវីដ-១៩ ដូចជា ករណីរបស់លោកវរសេនីឯក វ៉ាន់ ណាក្រូ ដែលគាត់បានអញ្ជើញមកកាន់ខេត្តក្រចេះនេះ គឺពាក់ព័ន្ធទៅដល់មនុស្សចំនួន ១៣០នាក់ ដែលបានធ្វើចិត្តាឡីស័ក ។​ ក្រៅពីនោះក៏មានអ្នកប៉ះពាល់ប្រយោលមួយចំនួនផ្សេងទៀត គឺឲ្យពួកគាត់ធ្វើចិត្តាឡីស័កនៅឯផ្ទះ ។ ចំណែកឯ ពលករដែលមកពីក្រៅប្រទេសក៏ដូចជាអ្នកដែលចេញមកពីតាមបណ្ដាខេត្តស្រុកមួយចំនួនដែលពាក់ព័ន្ធនោះ គឺបានអញ្ជើញពួកគាត់ធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមមន្ទីរពេទ្យក្នុងស្រុកដែរ៕

Loading...