រដ្ឋបាលខេត្តកែបចេញសេចក្តីណែនាំស្តីពីការរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តកែប ៖ យោងលិខិតលេខ ០០១/២១ ស.ណ.ន ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកែបបានឲ្យដឹងថា ដោយពិនិត្យឃើញស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងមានអ្នកស្លាប់ដោយសារជំងឺនេះជាបន្តបន្ទាប់។ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលខេត្តកែបបានធ្វើការណែនាំដល់គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងមន្ត្រីរាជការសាលាខេត្តទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម ៖

១ – បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រីកការអនុវត្តវិធានការ ” ៣កុំ និង៣ការពារ ” ឲ្យបានគ្រប់ៗគ្នាប្រកបដោយភាពម៉ឺងម៉ាត់បំផុត។

២ – គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នាយក នាយិកាទីចាត់ការ ប្រធានអង្គភាព និងការិយាល័យចំណុះរដ្ឋបាលខេត្ត ត្រូវធានាឲ្យមានមន្ត្រីប្រចាំការ (១០ភាគរយ)។

៣ – ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញក្នុងករណីចាំបាច់។

៤ – មន្ត្រីរាជការទាំងអស់ត្រូវពាក់ម៉ាស់ការពារឲ្យបានជាប់លាប់ គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ។

៥ – គ្រប់ច្រកចេញ-ចូលត្រូវកំណត់ឲ្យមានការវាស់កំដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តន៍តាម មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណអគារបម្រើការងារជាដាច់ខាត។

៦ – មន្ទីរ អង្គភាព រដ្ធបាលក្រុង ស្រុក មន្ត្រីរាជការសាលាខេត្តទាំងអស់ ត្រូវបានអនុញ្ញាតឲ្យផ្អាកការគោរពទង់ជាតិរៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃសុក្រជាបណ្តោះអាសន្ន រហូតដល់រដ្ឋបាលខេត្តជូនដំណឹងជាថ្មី៕

Loading...