រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យក្រុមហ៊ុនកោះពស់បើកចរាចរណ៍ជាសាធារណៈស្ពានកោះពស់ឡើងវិញ

(ព្រះសីហនុ) ៖ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោកនាយកក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៊ិនវេសមិន គ្រុប អិលធីឌី ស្តីពីការបើកចរាចរណ៍ជាសាធារណៈឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិត របស់រដ្ឋបាលខេត្តព្រះសីហនុដែលអង្គភាពព័ត៌មានUKK-NEWS ទទួលបាន ។

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនលោកនាយកជ្រាបថា ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសម្រាប់បំរើដល់វិស័យទេសចរណ៍រដ្ឋបាលខេត្ត បាននឹងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ ជិតរួចរាល់ជាស្ថាពរទៅតាមផែនការ និងបាន រៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ ឆ្នេរខ្លះបិទបាំងនិងហាមឃាត់ការចេញ-ចូលជាសាធារណៈ ។

ក្នុងន័យនេះ ស្ពានកោះពស់ក៏បានបិទច្រកទ្វារ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសាធារណជន មានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។ ដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោកនាយក បើកចរាចរណ៍ជាសាធារណៈនៅលើ ស្ពានកោះពស់ សម្រាប់សាធារណជនចេញ-ចូល ចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងនេះតទៅ។ អាស្រ័យហេតុនេះសូម លោកនាយកក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៊ុនវេសមិន អិលធីឌី ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

SONY DSC

 

Loading...