រដ្ឋបាលខេត្តមណ្ឌលគិរី ត្រៀមដីចំនួន៦០០ហិចតា សាងសង់ព្រលានយន្ដហោះថ្មី ចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីក្រុងមនោរម្យ

(ភ្នំពេញ)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បង្ហាញអំពីគម្រោងអភិវឌ្ឍនៃព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះខណៈដែលដីចំនួន៦០០ហិកតា ត្រូវបានរដ្ឋបាលខេត្តត្រៀមរួចរាល់អស់ហើយ នៅពេលរាជរដ្ឋាភិបាលត្រូវការសងសាង់ មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ។ ការថ្លែងបែបនេះ របស់អភិបាលខេត្តមណ្ឌលគិរី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០នេះ ។

លោកស្វាយ សំអ៊ាង បានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់បានទេ ព្រោះមានដីមានតែ១៩ហិចតាប៉ុណ្ណោះ ពោលនៅកន្លែងចាស់នាបច្ចុប្បន្នហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញទៅតាំងនោះច្រើន ។
លោកអភិបាលខេត្តរូបនេះបានឲ្យដឹងថា នៅពេលរាជរដ្ឋាភិបាលត្រូវការសាងសង់ព្រលានយន្ដហោះថ្មីនោះព្រលានយន្ដហោះចាស់ក៏មិនត្រូវបានបោះបង់ចោលដែរឬលក់នោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំទីតាំងនេះទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដជំនួសវិញ ដើម្បីបង្កើនភាពទាក់ទាញបន្ថែម លើអ្វីដែលខេត្តមណ្ឌលគិរីមានបច្ចុប្បន្ន ។

លោក ស្វាយ សំអ៊ាង បានថ្លែងគូសបញ្ជាក់ថា “យើងទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យ ប្រមាណជាង២០គីឡូម៉ែត្រ។ ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ធ” ។

លោកបានអះអាងថា បច្ចុប្បន្នរដ្ឋបាលខេត្តបាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។ ដោយឡែក ពាក់ព័ន្ធការរក្សាទុកព្រលានយន្ដហោះចាស់ រដ្ឋបាលខេត្តនឹងរៀបចំទៅជាសួនច្បារ ប៉ុន្ដែសួនច្បារនេះទៀតសោត នឹងត្រូវធ្វើឡើងជាដំណាក់កាល មិនមែនធ្វើម្ដងសម្រេចនោះទេ ខណៈបច្ចុប្បន្នកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាបណ្ដើៗហើយ ដោយមានដាំដើមឈើជាដើម។

គួររំលឹកថា យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បង្ហើបប្រាប់នោះ ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្ថានអាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។

សូមជម្រាបថា សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង ៕

 

Loading...