រដ្ឋបាលខេត្តសៀមរាបនឹងដាក់ឲ្យដំណើរការ គម្រោង​ទេសចរណ៍​លើទឹក​ចាប់ពីថ្ងៃទី ១៧ សីហា ដល់​ថ្ងៃទី ២១ សីហា

(សៀមរាប)៖ ផលិតផលថ្មីមួយបន្ថែមទៀត របស់ខេត្ត សៀមរាប គឺគម្រោងទេសចរណ៍លើទឹក ស្ថិតក្នុង ខេត្តសៀមរាប ដែលអាចឲ្យទេសចរ ជិះទូកកម្សាន្តន្ត និង​ពិសារម្ហូបអាហារឆ្ងាញ់ៗស្តាប់តន្ត្រី ទស្សនាពិពណ៌នានា ប៉ុន្តែតម្រូវឲ្យទិញសំបុត្រ ចូលទស្សនា ។ គម្រោងនេះនឹងបញ្ចប់នៅចុងសប្ដាហ៍នេះពិសេសចាប់ពីថ្ងៃទី ១៧ សីហា ដល់​ថ្ងៃទី ២១ សីហា២០២០នឹងបើដំណើរតែម្តង ។ នេះ​បើតាម​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប​ ។

លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទី​ទេសចរណ៍ គម្រោងទេសចរណ៍បណ្ដែតទឹកខាងលើជាការរៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) រៀបចំឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​បរទេស ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ដូចជា​ម្ហូបអាហារ ការរស់នៅរបស់​ពលរដ្ឋ​កម្ពុជា​ជាដើម​។ គម្រោង​នេះ​បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ ៨០​ភាគរយ និង​អាច​បញ្ចប់​នៅត្រឹម​ចុង​សប្ដាហ៍​នេះ​។

​លោក ង៉ូវ សេងកាក់់ បញ្ជាក់ថា៖ «​នេះ​មិនមែនជា​ផ្សារ​បណ្ដែត​ទឹក​ដូច​អ្នកលេង​ក្នុង​បណ្ដាញ​សង្គម​យល់​នោះទេ គឺជា​កន្លែងកម្សាន្ត​លើទឹក​ដោយមាន​ទូក​ខ្មែរ​ជាច្រើន​ចាំ​បម្រើ​អ្នកទេសចរ និង​មានការ​រៀបចំ​ម្ហូបអាហារ​នៅលើ​ទូក​កម្សាន្ត​នោះ​»​។ លោក​បន្តថា អ្នកទេសចរអាចកំណត់ពេលវេលាក្នុងការជិះទូកកម្សាន្ត​បានទៅតាម​ចិត្ត​របស់​អ្នកទេសចរ ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នកទេសចរ​ទិញ​សំបុត្រ​ជាមុនសិន​ ចំពោះតម្លៃសំបុត្រត្រ លោក​មិនទាន់​អាច​បញ្ជាក់បាន​នោះទេ គ្រាន់តែ​បញ្ជាក់ពីការរៀបចំជាទេសចរណ៍លើទឹកនេះ មាន​របៀប​ជា​ខ្មែរ​។ ក្នុងនោះដែរប្រធានមន្ទីទេសចរណ៍ខេត្តសៀមរាបក៏អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត និង​ពង្រឹង​ពី​វិធានការ ការពារ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ពាក់​ម៉ាស ឧស្សាហ៍​លាង​សម្អាត​ដៃ និង​រក្សា​គម្លាត ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​១៩​។​

​បើតាម​រដ្ឋបាល​ខេត្តសៀមរាប ក្រៅពី​គម្រោង​កម្សាន្ត​បណ្ដែត​ទឹកនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំឲ្យមានកម្មវិធី​កម្សាន្ត​ជាច្រើន នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ សីហា ដល់​ថ្ងៃទី ២១ សីហា ឆ្នាំ​២០២០ ដូចជា​៖ កម្មវិធី​សាសនា​,​ពិព័រណ៍​ផលិតផល​កសិកម្ម​,​កម្មវិធី​ប្រកួត​ម្ហូបអាហារ​,​កម្មវិធី​ជិះ​កង់​,​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​,​កម្មវិធី​ដើរ​ព្រៃ​, និង​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជាដើម​។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងខែកក្កដា​កន្លងទៅ ខេត្តសៀមរាប​មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ៥ ២៧១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៣ ៣៤០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ១ ៩៣១​នាក់​ ៕

Loading...