រដ្ឋបាលរាជធានីភ្នំពេញច្រានចោលការលើកឡើងដោយអគតិ ក្នុងគោលបំណងបង្កចលាចល បំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសព័ត៌មានច្រានចោលការលើកឡើងនានាដោយអគតិ ក្នុងគោលបំណងបង្កចលាចល បំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការស្បៀងអាហារបន្ទាន់ ។

លិខិតប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាជាមតិយោបល់ផ្សេងៗ អំពីយន្តការក្នុងការទទួលអំណោយ ការបែងចែកអំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗថា «មានការរើសអើង» នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំពោះបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញសូមគូសបញ្ជាក់ជូនដូចខាងក្រោម៖

ចាប់តាំងពីការផ្តើមអនុវត្តនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយមានការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌមានជ័យពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះរដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវិបុលសេនាភក្តី អំណោយជំនួយសង្គមរបស់រាជរដ្ឋាភិបាល និងអំណោយសង្គ្រោះបន្ទាន់ពីសប្បុរសជននានា ក្នុងវិស័យឯកជន ទាំងក្នុងលក្ខណៈជាក្រុមហ៊ុន និងលក្ខណៈបុគ្គល ព្រមទាំងអំណោយរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងៗពីគ្រប់មជ្ឈដ្ឋាន ។ អំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមដឹកជញ្ជូនពីកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស បញ្ជូនមកអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំចាត់ចែងបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ សរុបបានចំនួន ១៨៤,៤០៦ គ្រួសារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃហាលភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឲ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយផ្តោតជាពិសេសទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ។ ចំពោះយន្តការ នៃការបែងចែក គឺបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្លួន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដោយបានយកចំនួនគ្រួសារបន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន និងធ្វើការបែងចែកប្រកបដោយតម្លាភាពបានចំគោលដៅពិតប្រាកដ និងមានភាពឆាប់រហ័សព្រមទាំងធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ។

រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលនូវការលើកឡើងនានាដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គមរារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការស្បៀងអាហារបន្ទាន់ និងសូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់សប្បុរសជនក្រុមហ៊ុនអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិគ្រប់មជ្ឈដ្ឋានសូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមការយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុតដល់ម្ចាស់អំណោយ ដែលមិនអាចចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទាល់ដោយឈរលើមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកចូលរួមហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តធ្វើការបែងចែកអំណោយឲ្យបានចំគោលដៅជូនប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ចំពោះមុខបន្តទៀត ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលនឹងបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់គ្រប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅតាមគោលការណ៍ស្ម័គ្រចិត្ត ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមទីតាំងដែលបានកំណត់ និងគោរពឲ្យបាននូវការរក្សាគម្លាត់ សុវត្ថិភាពសង្គមរក្សាបាននូវសណ្តាប់ធ្នាប់ល្អ កុំប្រជ្រៀតគ្នា និងគោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ៕ ថាច់ យ៉ាត

Loading...