រដ្ឋបាលរាជធានីភ្នំពេញ កាត់ខ្សែបូសម្ពោធស្ពានបេឡេឆ្លងទន្លេសាប ក្នុងឫស្សីកែវ និងជ្រោយចង្វារ ដែលមានតម្លៃប្រមាណ៩លានដុល្លារ

ភ្នំពេញ៖ ស្ពានបេឡេថ្មី ឆ្លងកាត់ទន្លេសាបពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ទៅតំបន់អភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ បានកាត់ខ្សែបូរសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីដំណើរការសាងសង់អស់រយៈពេល៦ខែកន្លងមក ។ ពិធីកាត់ខ្សែបូរសម្ពោធស្ពានបេឡេ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដីនិងមន្ត្រីរាជការ និងប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះក ។

លោក ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ស្ពានបេឡេថ្មីនេះមានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន៩លានដុល្លារ ប្រើពេលសាងសង់ចំនួន៦ខែនិង១១ថ្ងៃ ការដ្ឋាននេះស្ថាបនាទាំងយប់ទាំងថ្ងៃ ។

លោក ពង់ ឃាវសែ បានបញ្ជាក់បន្ថែមថា ស្ពានបេតុងដែលគ្រោងស្ថាបនា នៅអមជាមួយស្ពានបេឡេ មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សរសរស្ពានសំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍ គ្រោងចំណាយថវិកាចំនួន៣៥លានដុល្លារ ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងបានបញ្ជាក់ឲ្យដឹងថា ស្ពានបេឡេថ្មី ឆ្លងកាត់ទន្លេសាបនេះ ក្រោយសម្ពោធដាក់អោយប្រើប្រាស់រួចក្រុមហ៊ុននឹងប្រគល់អោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកគ្រប់គ្រង់បន្ត ហើយក្នុងអំឡុងនៃការគ្រប់គ្រងនេះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលរាជធានីនឹងទុកអោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់រហូតទ្រុឌទ្រោម នេះជាចំណងដៃថ្មីមួយបន្ថែមទៀតរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋ ។

លោក អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់បន្ថែមថា ស្ពានបេឡេនេះ មានតួនាទីដ៏សំខាន់ក្នុងការរួមចំណែករំដោះលំហូរចរាចរលើកំណតផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយ ដែលជាចំណងដៃសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ដែលជាសរសៃឈាមសេដ្ឋកិច្ច សម្រាប់តភ្ជាប់ រាជធានីភ្នំពេញទៅបណ្តាខេត្តនានា ៕

 

Loading...