រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមកាត់លះមែកឈើនៅតាមបណ្តោយវិថីព្រះអង្គឌួងហើយ

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជ ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ មករានេះបាននិងកំពុងធ្វើ សកម្មភាពកាត់និងលះមែកឈើដើមធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសក្នុងខណ្ឌដូនពេញ ។

បើតាមប្រធានអង្គភាពសួនច្បារ លោកសំ សាមុត បានឱ្យថា ដើមឈើធំៗនៅសួនមុខ មន្ទីរពេទ្យព្រះអង្គឌួងចំនួន ១០៥ដើម ក្នុងនោះមានដើមគីនីនជាង៤០ដើម ក្រៅពីនេះ ក៏មានដើមគគី ឥន្ទនេលនិងឈើទាល ។ ដើមឈើធំៗនិងចាស់ៗសរុបចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។

លោក បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារកាត់លះមែកឈើខាងលើនេះពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាប់មួយមែកម្តងជាមួយនិងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការឺឡា។ ការងារនេះនឹងប្រើប្រាស់ពេលវេលាយូបន្តិច ។ដូច្នេះហើយលោកសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារនឹងសម្រុកធ្វើការងារនេះឱ្យបានរួចរាល់បានមុនគម្រោងដែរបានគ្រោងទុក។

សូមជម្រាបថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ កន្លងមកបាន្ឌចុះពិនិត្យមើលស្ថានភាពដើមឈើបីដើមដែលត្រូវកាប់ចេញនោះ។ ប៉ុន្តែក្រោយពីបានពិនិត្យស្ថានភាពជាក់ស្តែង លោកឃួង ស្រេង បានសម្រេចមិនឱ្យកាប់គាស់យកដើមឈើធំៗទាំង៣ដើមនោះចេញទេ។ តែលោកតម្រូវឱ្យ មន្ត្រីជំនាញកាត់និងលះមែកនិងធ្វើទម្រទប់ដើមឈើទាំងនោះជំនួសការកាប់គាស់យកចេញ។

តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល ០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។

ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំដែលអាចបង្កការកកស្ទះចរាចរណ៍៕

Loading...