រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដី១០ហិកតា និងឈាបនដ្ឋានបច្ចេកទេសស្តង់ដារចំនួន៦ ដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាស្រេចនូវផ្ទៃដីប្រមាណ១០ហិកតា និងឈាបនដ្ឋានបច្ចេក
ទេសស្តង់ដារសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង
ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ថា ចំពោះមុខក្រោយពីទទួលបានបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជាដោយផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញ
ពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំង សម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយគិតគូរពីសុវត្ថិភាព និងមិន
ឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបពិនិត្យ និងសម្រេចឃើញថា មានតែទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់
សុវត្ថិភាព និងជាជម្រើសល្អនៅក្នុងការបង្កើតឱ្យមានជាទីតាំងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩នេះ។ ដោយសារទីនោះ
មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ទៃដីទំហំប្រមាណ ១០ហិកតា និងធ្វើឈាបនដ្ឋានបច្ចេកទេស
ស្តង់ដារចំនួន៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ គឺស្ថិតក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដូចដែលបានសិក្សា និង
គិតគូរនោះ។

លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់បន្ថែមថា ទោះបីមកដល់ពេលនេះការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តមាន និងមានអ្នកស្លាប់
ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញមិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជា ១០០ទីតាំង ដែល
មានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះ ដែលត្រូវបានហ៊ុព័ន្ធទីនោះ។ ព្រោះថារដ្ឋបាលរាជធានី
ភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេច ចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេស
គឺការការពារសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ពាក់ព័ន្ធទាំងនោះ ៕

Loading...