រដ្ឋបាលរាជធានីភ្នំពេញ បន្តអំពាវនាវដល់ពលរដ្ឋ បង្កើនការប្រុងប្រយត្នថែមទៀតចំពោះ តាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ បើទោះបីប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពុំបានរកឃើញករណីឆ្លងថ្មី នៃមេរោគកូវីដ១៩។ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ នូវតែបន្តផ្សព្វផ្សាយ អប់រំណែនាំ ដល់ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យឲ្យបានជាប់ជាប្រចាំទើបជៀសឆ្ងាយ ពីការឆ្លងរាតត្បាតកាចសាហាវនេះបាន ។ជាក់ស្តែង នាព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំពាវនាវដល់ពលរដ្ឋ ត្រូវបង្កើនការថែរក្សាសុខភាព តាមក្រសួងសុខាភិបាល ដើម្បីការពារការចម្លងថ្មីនៃជំងឺ កូវីដ-១៩ពីមនុស្សមា្នក់ទៅ មនុស្សម្នាក់ទៀត ឬទៅក្នុងសហគមន៍ ។

ការថ្លែងខាងលើនេះបានធ្វើឡើងក្នុងពិធីទទួលសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ជាច្រើនពីអង្គការការីតាសកម្ពុជានៅសាលារាជធានីភ្នំពេញ សម្រាប់បែងចែកទៅតាមបណ្តាសង្កាត់នានា ដើម្បីបង្កើនការប្រយុទ្ធ ប្រឆំាងជំងឺ កូវីដ-១៩នេះ ។

លោក ឃួង ស្រេង បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត និងទៅសហគមន៍។

លោក មានប្រសាសន៍ថា អំណោយម៉ាស់ អាល់កុល និងខិតបណ្ណអប់រំពីការថែរក្សាអនាម័យ របស់អង្គការការីតាសកម្ពុជានេះនឹងត្រូវចាត់ចែងបន្តជូនដល់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ នៅមូលដ្ឋាន ខណៈដែលជម្ងឺ នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននឹងកំពុងប្រឈមដែរនោះ។ លោកអភិបាល ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អង្គការការីតាសកម្ពុជា ដែលបានចូលរួមចំណែក ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ នេះ។

បើតាមការបញ្ជាក់ របស់លោក គឹម រតនៈ នាយកប្រតិបត្តិអង្គការការីតាសកម្ពុជាបានថ្លែងថា ការផ្តល់អំណោយជាសម្ភារៈមាន ម៉ាស់ សាប៊ូ អាល់កុល និងខិតបណ្ណផ្សព្វផ្សាយដល់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីចូលរួម ចំណែកជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងនឹងជម្ងឺកូវីដ១៩ ដែលធានាបានសុខភាពសុវត្ថិភាពប្រជាពលរដ្ឋ ៕

Loading...